ខេត្តបន្ទាយមានជ័យ ៖ ផ្ទះចំនួន១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជន ចំនួន១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាពការេពីរ(២២២២) ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នឹងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) តាមរយៈក្រុមការងារគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត។
ពិធីការអញ្ជើញចូលរួម លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ រួមនឹងក្រមការងារខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
តំណាងបងប្អូនអតីតយុទ្ធជន ដែលទទួលបានផ្ទះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជននិងយុវជន និងសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលតែងតែគិតគូរទុកដាក់អំពីជីវភាពរស់នៅរបស់ពួកគាត់ ។ពិសេសបានផ្តល់នូវដី ផ្ទះសំបែងជូនដល់ពួកគាត់រស់នៅរួមទាំងដីកសិកម្មសម្រាប់ប្រកបរបរចិញ្ចឹមជីវិតថែមទៀត។
សូមជម្រាប់ថា ៖ អតីតយុទ្ធជនតែងតែទទួលបានយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់របស់ពួកគាត់បានលះបង់សាច់ស្រស់ ឈាមស្រស់ និងបម្រើជាតិក្នុងវិស័យការពារជាតិ-សន្តិសុខ ព្រមទាំងនិវត្តជនមន្ត្រីរាជការស៊ីវិលដែលបានចូលនិវត្តន៍ តាមរយៈគោលនយោបាយ ការឧបត្ថម្ភ គាំទ្រផ្សេងៗជូនដល់ពួកគាត់ជាការតប់ស្នងសងគុណនូវគុណូបការៈដ៏ធំធេងនេះ។
ហើយរាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរលើផ្នែកថវិកាប្រាក់សោធនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាលើជម្រកស្នាក់នៅ ការព្យាបាលជំងឺ កិត្តិយសសង្គម និងសុខុមាលភាពគ្រួសារ របស់អតីតយុទ្ធជន និងនិវត្តជន ស្របតាមបាវចនា “ដឹងគុណ និងមិនបោះបង់អ្នកដែលមានគុណចំពោះជាតិ”៕






