គិតត្រឹមថ្ងៃទី៣០ តុលា ២០២៦ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន៩៦២ នាក់បានចុះឈ្មោះចូលរួមយកព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបានឲ្យដឹងថា អ្នកសារព័ត៌មានជាតិ ដែលបានចុះឈ្មោះមាន ចំនួនសរុប៤៩០នាក់ មកពី៥៣ អង្គភាពសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ ចំណែកឯអ្នកសារព័ត៌មានអន្តរជាតិ ដែលបានចុះឈ្មោះមានចំនួនសរុប៣២០ នាក់ មកពី១៥៣ អង្គភាពទីភ្នាក់ងារសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ នៃ៣៩ ប្រទេស ដូចជាបារាំង អាមេរិក អង់គ្លេស អូស្រ្តាលី ចិន ជប៉ុននិងមកពីបណ្តាទ្វីបអាហ្រិចផ្សេងទៀត។ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ដំណើរការបើកទទួលពាក្យសុំចុះឈ្មោះធ្វើកាតព័ត៌មាន តាមប្រព័ន្ធអនឡាញ នឹងផុត កំណត់នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះជាកំហិត។ សូមបញ្ជាក់ថា វត្តមានរបស់សារព័ត៌មានអន្តរជាតិ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ បានជួយផ្សាយចេញទៅក្រៅប្រទេសដែលបានជួយលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ បានជួយកសាងរូបភាពវិជ្ជមានជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជួយផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច ឱកាសពាណិជ្ជកម្ម និងបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំង និងពិភពលោកទាំងមូល ដែលជាកាតាលីករប្រែក្លាយកិត្យានុភាពការទូតទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង។ ទន្ទឹមនេះ អ្នកសារព័ត៌មានអន្តរជាតិនឹងដើរតួជាអ្នកនាំពាក្យ ដោយជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌ អរិយធម៌ដ៏សម្បូរបែប ព្រមទាំង ធ្វើឱ្យសំឡេង ជំហរនយោបាយ និងទស្សនវិស័យរបស់កម្ពុជាលើបញ្ហាតំបន់និងសកលលោក ត្រូវបានគេឮ និងទទួលស្គាល់កាន់តែទូលំទូលាយ៕ អេបក្រសួងព័ត៌មាន (MoINFO APP)

