ខេត្តកំពង់ធំ ៖ លៀសនេសាទខុសច្បាប់ចំនួនជាង ៤,៥០០ គីឡូក្រាម ត្រូវបានចាក់ព្រលែងចូលក្នុងបឹងទន្លេសាបវិញ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២ និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិការនេះ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានក្រុមទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំពាមបាង ស្រុកស្ទោង បានសហការជាមួយលោក ហ៊ួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង។
កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទលៀសខុសច្បាប់ ដោយប្រើប្រាស់ឈ្នាងអូសលៀសមានម៉ាស៊ីន នៅតំបន់ខាងមុខបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមការបញ្ជាក់របស់លោកអនុសេនីយ៍ឯក លុយ សុភាព និងលោក ហ៊ួន ផល នៅវេលាម៉ោង ២ និង ៣០ នាទីរំលងអាធ្រាត្រ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងចម្រុះបានរកឃើញប្រជាពលរដ្ឋចំនួន ១៨ នាក់ ក្នុងនោះមានស្ត្រីម្នាក់ កំពុងប្រព្រឹត្តបទល្មើសនេសាទលៀសខុសច្បាប់។
ក្រុមអ្នកនេសាទបានប្រើប្រាស់កាណូតបាឡាស្មាច់ ភ្ជាប់ម៉ាស៊ីនចំនួន ៥ គ្រឿង។ ពួកគេមានឈ្នាង និងកញ្ជ្រែងសម្រាប់រែងលៀសចំនួន ៤ គ្រឿង។ ពួកគេក៏មានកាណូតមួយគ្រឿង សម្រាប់ផ្ទុកលៀសដែលនេសាទបានផងដែរ។
ក្រោយការសាកសួរ អ្នកនេសាទទាំង ១៨ នាក់ បានបញ្ជាក់ថា ពួកគេមានទីលំនៅនៅភូមិផ្សារឃ្លាំងក្រោម ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ពួកគេកំពុងស្នាក់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្រោយពីបានអប់រំណែនាំ និងធ្វើកិច្ចសន្យារួច កម្លាំងចម្រុះបានអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់មូលដ្ឋានវិញដោយសុវត្ថិភាព។ ចំណែកវត្ថុតាង ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលពាមបាង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ក្នុងឱកាសនោះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលពាមបាង បានចាក់ព្រលែងលៀសដែលនេសាទបានដោយខុសច្បាប់ ចំនួនជាង ៤,៥០០ គីឡូក្រាម ចូលក្នុងបឹងទន្លេសាបវិញ។
សកម្មភាពនេះមានគោលបំណងចូលរួមថែរក្សា និងស្តារធនធានមច្ឆជាតិឱ្យមានភាពសម្បូរបែបឡើងវិញ។ ជាពិសេស ដើម្បីធានាឱ្យធនធានធម្មជាតិទាំងនេះនៅគង់វង្ស សម្រាប់សង្គមជាតិ និងកូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងចម្រុះទាំងអស់ ឱ្យបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាប្រចាំ។ កងកម្លាំងត្រូវអនុវត្តតាមភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការការពារធនធានធម្មជាតិ។
លោកបានសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសនេសាទ ត្រូវអនុវត្តឱ្យបានជោគជ័យ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕







