គោយន្តកន្ត្រៃ ១គ្រឿង ម៉ាស៊ីនកាត់ឈើ ១គ្រឿង និងឈើមូលស្រស់ជាង ១៥០កំណាត់ត្រូវបាន កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបបទល្មើសព្រៃឈើនៅស្រុកសន្ទុក ដកហូត
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

គោយន្តកន្ត្រៃ ១គ្រឿង ម៉ាស៊ីនកាត់ឈើ ១គ្រឿង និងឈើមូលស្រស់ជាង ១៥០កំណាត់ត្រូវបាន កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបបទល្មើសព្រៃឈើនៅស្រុកសន្ទុក ដកហូត


 
កិ

ខេត្តកំពង់ធំ ៖ គោយន្តកន្ត្រៃចំនួន ១គ្រឿង ម៉ាស៊ីនកាត់ឈើចំនួន ១គ្រឿង និងឈើមូលស្រស់ជាង ១៥០កំណាត់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពង់ថ្ម បង្ក្រាបនិងប្រមូលទុកជាវត្ថុតាងពាក់ព័ន្ធនឹងការសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ នៅចំណុចអូរអន្ទ្រក តំបន់ព្រៃអង់តែន ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ ៣:១៥នាទីទៀបភ្លឺ បន្ទាប់ពីមានបទបញ្ជាពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ឱ្យកម្លាំងអន្តរាគមន៍ដែលប្រចាំការនៅស្រុកសន្ទុក សហការជាមួយមន្ត្រីជំនាញ ចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់។
លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង និងជាប្រធានក្រុមកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជា លោកបានដឹកនាំកម្លាំងចុះរុករក និងស្ទាក់ចាប់សកម្មភាពដឹកជញ្ជូនឈើដែលសង្ស័យថាខុសច្បាប់នៅក្នុងតំបន់ព្រៃអង់តែន។
ក្នុងអំឡុងពេលប្រតិបត្តិការ នៅវេលាម៉ោងប្រមាណ ៣:៤៥នាទីទៀបភ្លឺ កម្លាំងបានប្រទះឃើញគោយន្តកន្ត្រៃមួយគ្រឿងកំពុងដឹកឈើមូលស្រស់ ហើយបានស្ទាក់ចាប់នៅចំណុចអូរអន្ទ្រក។ នៅពេលនោះ អ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួន ដោយបន្សល់ទុកគោយន្តកន្ត្រៃ និងឈើមូលស្រស់ប្រមាណជាង ៤០កំណាត់នៅនឹងកន្លែង។
ជាមួយគ្នានេះ ក្រុមជនសង្ស័យដែលសង្ស័យថាពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើនៅទីតាំងបីកន្លែងផ្សេងទៀតក្នុងតំបន់ជាមួយគ្នា បានដឹងពីសកម្មភាពបង្ក្រាបរបស់កម្លាំង ហើយបានកាត់ទម្លាក់ឈើចោល មុននឹងបើកគោយន្តកន្ត្រៃរត់គេចខ្លួន។ នៅទីតាំងទាំងនោះ កម្លាំងបានប្រមូលវត្ថុតាងដែលនៅសល់ រួមមានម៉ាស៊ីនកាត់ឈើចំនួន ១គ្រឿង និងឈើមូលស្រស់ប្រមាណជាង ១១០កំណាត់។
ដូច្នេះ វត្ថុតាងដែលត្រូវបានប្រមូលទុកពីប្រតិបត្តិការនេះ រួមមានគោយន្តកន្ត្រៃចំនួន ១គ្រឿង ម៉ាស៊ីនកាត់ឈើចំនួន ១គ្រឿង និងឈើមូលស្រស់សរុបជាង ១៥០កំណាត់។
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឱ្យស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណអ្នកដែលពាក់ព័ន្ធនឹងការកាប់ និងដឹកជញ្ជូនផល អនុផលព្រៃឈើដែលសង្ស័យថាខុសច្បាប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកបានសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវបន្តពង្រឹងកិច្ចសហការក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងកសាងសំណុំរឿងបញ្ជូនជនពាក់ព័ន្ធទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថាមានបទល្មើសពិតប្រាកដ។
ប្រតិបត្តិការនេះជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមការពារធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមានការសហការរវាងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន៕ 







 


 
Previous Post Next Post