រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា រដូវវស្សាឆ្នាំ២០២៥នេះ នឹងបញ្ចប់នៅសប្តាហ៍ទី១នៃខែវិច្ចិកាខាងមុខនេះ ដោយនៅក្នុងអំឡុងពេលរដូវវស្សាឆ្នាំ២០២៥នេះ កម្ពុជានឹងត្រូវឆ្លងកាត់ព្យុះចំនួន២៥ ដែលរហូតមកដល់ពេលនេះ កម្ពុជាបានជួបព្យុះ ចំនួន២០រួចមកហើយ។
ចាប់ពីដើមខែតុលានេះមក កម្ពុជាកំពុងជួបព្យុះទី២១ ដែលមានឈ្មោះ ម៉ាតម៉ូ។ ព្យុះទី២១នេះ កំពុងឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយបានមកដល់កម្ពុជា ពីថ្ងៃទី២តុលា មកហើយនឹងអូសបន្លាយរហូតទៅដល់ថ្ងៃទី១០តុលាឆ្នាំ២០២៥ខាងមុខនេះ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
យ៉ាងណាក៏ដោយព្យុះនេះ បានបណ្តាលអោយមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដីគ្រប់តំបន់ទាំង តំបន់វាលទំនាបតំបន់ខ្ពង់រាបនិងតំបន់មាត់សមុទ្រ ។ ស្ថានភាពនេះ បានធ្វើអោយគ្រប់ស្ថានីយ៍ជលសាស្ត្រតាមដងទន្លេមេគង្គបានហក់ឡើងខ្ពស់ ដែលនៅក្នុងខេត្តខ្លះបានឡើងដល់កម្រិតប្រកាសអោយប្រុងប្រយ័ត្ន។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានព័ត៌មាន អំពីឈ្មោះព្យុះចំនួន៤ចុងក្រោយនេះ ថាមានឥទ្ធពលកម្រិតណា ហើយនឹងមកដល់កម្ពុជាពេលណា នៅឡើយទេ។
យ៉ាងណាក៏ដោយ ព្យុះទី១ដែលបានឆ្លងកាត់កម្ពុជាដំបូងគេកាលពីថ្ងៃទី១២មិថុនា មានឈ្មោះថា វូតទីព ព្យុះទី២ឈ្មោះសេពផេត ឈ្មោះព្យុះមូន ព្យុះដាណាស ព្យុះណារី ព្យុះវីពផា ព្យុះហ្រ្វង់ស៊ីស្កូ ព្យុះកូមាយ ព្យុះក្រសារ ព្យុះបាយលូ ព្យុះផដួល ព្យុះលីងលីង
ព្យុះកាជិគី ព្យុះណងហ្វា ព្យុះប៉ីផាស ព្យុះលើតាប៉ាស ព្យុះមីតាក ព្យុះរ៉ាហ្គាសា ព្យុះ នេហ្គោវី ព្យុះប៊ូឡូយ ហើយព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ កំពុងគ្របដណ្តាប់កម្ពុជា ហើយនឹង អូសបន្លាយរហូតទៅដល់៦ថ្ងៃទៀត ដោយនាំមកនូវទឹកភ្លៀងជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងនេះក្តី បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣តុលាបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាដែលទទួលនូវរបប ខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសានម្តង ហើយបរិមាណ ទឹកភ្លៀងធ្លាក់ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។
ទន្ទឹមនេះក្រសួងធនធានទឹក និងឧតុនិយម បានស្នើអោយ ប្រជាពលរដ្ឋចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុក ដោយស្មារតីទទួលខុសត្រូវ៕ ប្រភពអាកាប៉េ


