រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០ ក្រុមការងារសម្របសម្រួលនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធ តំបន់ទី១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានចុះត្រួតពិនិត្យឃ្លាំងទំនិញមួយកន្លែង ស្ថិតនៅឃ្លាំងលេខ ១០០០ ផ្លូវ ៣៨សេ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការសហការជិតស្និទ្ធពីតំណាងម្ចាស់ទំនិញ និងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យអនុលោមភាពនៃទំនិញដែលរក្សាទុកក្នុងឃ្លាំង។
ក្នុងអំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញទំនិញជាច្រើនប្រភេទ រួមមានប្រហិតនាំចូលពីប្រទេសថៃ និងផ្លែប៉ោមនាំចូលពីប្រទេសចិន ដែលមានដូចខាងក្រោម៖
ប្រហិតសាច់ក្ដាម LUF: ៥៥២ កេស (៥,៥២០ គីឡូក្រាម)
ប្រហិតដង្កៀបក្តាម F: ២២៤ កេស (២,៤៤០ គីឡូក្រាម)
ប្រហិតបង្កង PFFP: ១១២ កេស (១,១២០ គីឡូក្រាម)
ប្រហិតបង្គា PFP: ៦១៨ កេស (៤,១៨០ គីឡូក្រាម)
ប្រហិតម៉ាតី: ១០៤ កេស (១,០៤០ គីឡូក្រាម)
ប្រហិតតៅហ៊ូ: ៦០ កេស (៦០០ គីឡូក្រាម)
ផ្លែប៉ោម (នាំចូលពីចិន): ៦,៦៦៥ កេស (៥០,៩៨៥ គីឡូក្រាម)
សរុប: ៨,៣៣៥ កេស (៧៦,៨៨៥ គីឡូក្រាម)
តាមការបំភ្លឺពីម្ចាស់ទំនិញ និងការស្រាវជ្រាវរបស់មន្ត្រីគយ-រដ្ឋាករ ទំនិញទាំងនេះមិនមានបង្កាន់ដៃបញ្ជាក់ការបង់ពន្ធចូលស្របច្បាប់ទេ។ ដោយហេតុនេះ មន្ត្រីគយ-រដ្ឋាករ និងកម្លាំងសមត្ថកិច្ចចម្រុះ បានសម្រេចបិទឃ្លាំងនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំការពិនិត្យបន្ថែមពីមន្ត្រីជំនាញ។
ប្រតិបត្តិការនេះបានបញ្ចប់នៅម៉ោង ១៨:០៥ នាថ្ងៃដដែល ដោយសុខសន្តិភាព និងគ្មានឧបទ្ទវហេតុអ្វីកើតឡើងឡើយ៕






