រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកខួបលើកទី២៨ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបសម្តេចពីសំណាក់ «ពួកចោរនយោបាយ» ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបរាប់ថា៖ ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ(24.9.1998-24.9.2026)។ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះហើយដែលខ្ញុំយកដៃដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន។
តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី ដោយមានការប្រជុំគណៈអចិន្ត្រៃយ៍គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧ កក្កដា ១៩៩៨ ក្រោមអធិបតីភាពបង ជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថាត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ។
ក្រោយមកខ្ញុំនិយាយថាថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺ ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។
ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាចនិងទាំងជាប្រធានព្រឹទ្ធសភា។ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី៕

.jpg)
