ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីចុះពិនិត្យ វាយតម្លៃពីស្ថានភាពទឹកនៅតាមមូលដ្ឋានក្រុង-ស្រុក ចំនួន៦ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសអាងស្តុកទឹកធំៗដែលមាននៅក្នុងមូលដ្ឋាន ឃុំ នេះ គឺដើម្បីជាវិធានការក្នុងការស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងដែលអាចប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់។
ក្នុងនោះលោក អ៊ុំ រាត្រី ក៏បានបញ្ជារដល់មន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ដើម្បីបិទទឹកនៅក្នុងអាងនីមួយៗ ដែលមាននៅក្នុងស្រុក និងឃុំ ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំង ដោយសារតែនៅឆ្នាំ២០២៧ខាងនេះ កម្ពុជា ទទួលរងឥទ្ធិពលរលកកម្តៅខ្លាំង ប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ខណៈដែលយើងអាចប្រឈមទៅនឹងការខ្វះខាតទឹកនារដូវប្រាំង នាពេលខាងមុខ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋានឃុំ ត្រូវសិក្សាអំពីលទ្ធភាពនៃការស្ដារអាង បឹង ឬប្រឡាយទៅតាមលទ្ធភាពដលអាចធ្វើទៅបាន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសំដៅធ្វើយ៉ាងណាមានទឹក សម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ។
សូមបញ្ជាក់ថា យោងតាមទិន្ន័យរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ប្រព័ន្ធធារាសាស្រ្តពេញលេញ ដែលមានប្រភពទឹក ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព និងប្រឡាយដោះទឹក សុរបមានចំនួន៩៣កន្លែង ទូទាំង ៩ក្រុង–ស្រុក ក្នុងខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ស្ទើររាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩ មក ខេត្តបន្ទាយមានជ័យបានរងគ្រោះដោយជំនន់ទឹកភ្លៀងនិងទឺកជំនន់បង្កឲ្យខូចខាត ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ផលដំណាំ។
ហើយក្នុងខែកញ្ញនិងដើមខែកញ្ញាឆ្នាំ២០២៦ នេះ ជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រនិងទឹកជំនន់មកពីក្រៅភូមិសាស្ត្រ បង្កឲ្យអន្តររាយជាច្រើន ពិសេសលើ៤ស្រុកក្រុង មានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក ៕





