ខេត្តកោះកុង ៖ គ្រឿងសមុទ្រជិត៤តោន ព្រមទំនិញប្រើប្រាស់២៣មុខលួចលាក់ដឹកជញ្ចូនតាមផ្លូវទឹកនាំចូលពីប្រទេសថៃមកខេត្តកោះកុង ត្រូវបានអាជ្ញាធរសមត្ថកិច្ចស្រុកមណ្ឌលសីមា និងមន្ត្រីជំនាញ បានស្ទាក់បង្រ្កាបបានដោយឃាត់ខ្លួនមនុស្ស៥នាក់។
ប្រតិបត្តិការបង្រ្កាបក្រុមអ្នកដែលតែងតែលួចលាក់ដឹកទំនិញតាមផ្លូវទឹកសមុទ្រពីថៃមកស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅពេលនេះ ធ្វើឡើងជិតទៀបភ្លឺនៅថ្ងៃទី២០ តុលា ២០២៦ ក្នុងនោះមាន២ទីតាំងឡើងទំនិញផ្សេងៗគ្នាស្ថិតនៅចំណុចព្រែកភេរ ភូមិកោះចាក និងព្រែកតាមូល ភូមិទួលគគីរក្រោមឃុំទួលគគីរ។
លោក ប៉ែន ប៊ុនឈួយ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២១ ខែតុលា នេះថា បទល្មើសទំនិញខុសច្បាប់ពីប្រទេសថៃ កំពុងត្រូវបានតាមដានឃ្លាំងមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ មួយរយៈកាលចុងក្រោយនេះ រហូតដល់មានការបង្រ្កាបជាបន្តបន្ទាប់ផងដែរ។
បើតាមលោកអភិបាលស្រុកមណ្ឌលសីមា ជាក់ស្តែងទំនិញខុសច្បាប់ដឹកពីប្រទេសថៃដែលបង្រ្កាបបាន រួមមាន ៖ ត្រីបបែល ៣៥កេស ខ្យងដូង១៣កេស ខ្យងភ្នែកប្រើស២កេស ជង្គងមាន់៤កេស ត្រីមេមាន់២កេស ម្សៅដោះគោហាកាដូ១កេស ខោអាវ១ថង់តូច ថ្នាំពណ៌សេក៥កេស ថ្នាំពណ៌ម៉ាកCMP២កេស ប្រេងម៉ូតូ ២កេស សាំងក្រអូប១កេស ស្រោមដៃ៣ប្រអប់ ខ្សែដេមង២បេ មង២ដុំធំ សំណាញ់ជ័របៃតង១ដុំធំ ស្បែខ្មៅ៣ដុំ ប៊ូឡុង២៨បាវ លួស១៥ដុំ ម្សៅបិទទូក៥បាវ និងកាឆេ៥៤កេឆេ។
ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់ មានឈ្មោះទី១-សេន កុសល ម្ចាស់រថយន្តម៉ាកStarex ស្លាកលេខភ្នំពេញ-2CD-0729 ទី២-ឈ្មោះ ឯល ណាសៀត ម្ចាស់រថយន្តម៉ាក សាំយ៉ុង ស្លាកលេខភ្នំពេញ2J-0137 ទី៣- រីន ឡឹង ជាតៃកុងទូក ទី៤-ឈ្មោះ វណ្ណ ដេវីត និងទី៥ឈ្មោះ ជា ឡេក ជាកម្មករ។
លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា លើកឡើងថា ក្រោយកំណត់អត្តសញ្ញាណជនសង្ស័យសាកសួរចម្លើយលម្អិតបន្ថែម នឹងកសាងសំណុំរឿងបន្តទៅតុលាការ ចំណែកឯវត្ថុតាងល្មើសបានរឹបអូស៕












