ខេត្តបន្ទាយមានជ័យ ៖ ករណីកាប់ប្លន់និងបោកគ្រាប់បែកលើបុគ្គលិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតបង្កឲ្យរបួស១នាក់កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កន្លងមក នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ភ្លាមៗនិងជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាព។
បើតាមលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែតបានអោយដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ថាកាលពីយប់ថ្ងៃទី១៥ ខែតុលា មានក្មេងទំនើង១ក្រុមជិតម៉ូតូធ្វើសកម្មភាពដេញកាប់និងគប់គ្រាប់បែកទៅលើបុគ្គលិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ខណៈពេលធ្វើដំណើរតាមផ្លូវបណ្តាលបង្ករងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនបន្តទៅមន្ទីពេទ្យខេត្ត ។
ក្រោយហេតុការពណ៍ដោយមានការបញ្ជាណែនាំពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតនិងការចុះផ្ទាល់កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែតបានចេញអន្តរាគមន៍ភ្លាមៗឃាត់ខ្លួនជនសង្ស័យ១នាក់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានសាកសួរ ស្រាវជ្រាវហើយបន្តឈានទៅឃាត់ខ្លួនបានជនសង្ស័យ៥នាក់ថែមទៀត សរុប៦នាក់ ហើយបាននឹងកំពុងអនុវត្តនីតិវិធី។
លោកមេប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែតបានបញ្ជក់ថា : តាមការសន្និដ្ឋានបឋម ករណីក្មេងទំនើងបោកគ្រាប់បែកខាងលើជាករណីកាប់យកម៉ូតូពីជនរងគ្រោះ។
ករណីនេះដែរ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតបកាលពីល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០២៦ បានធ្វើការបំភ្លឺជុំវិញករណីក្មេងស្ទាវបង្កហិង្សារ និងបោកគ្រាប់បែក លើក្រុមសង្គ្រោះបន្ទាន់នៅក្នុងក្រុងប៉ោយប៉ែតនេះដែរ។
សូមបញ្ជាក់ថា មកទល់ថ្ងៃទី១៩ ខែតុលា កម្លាំងជំនាញព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងបន្តស្រាវជ្រាវចាប់ខ្លួនមេខ្លោងនៃក្រុមក្មេងទំនើងដែលពាក់ព័ន្ធធ្វើសកម្មភាពគប់គ្រាប់បែកខាងលើបន្ថែមទៀត ៕




