ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានចុះអន្តរាគមន៍ឃាត់ខ្លួនបុរសជាឪពុកចុងចិត្តតិរច្ឆានម្នាក់ (ហៅអាស្វា) បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សាយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌ទៅលើកុមារជាកូនចុង រហូតបង្កឱ្យមានការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជននៅលើបណ្តាញសង្គម។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានសម្រេចនៅព្រឹកនេះ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូឃ្លីបនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដែលបង្ហាញពីសកម្មភាពឪពុកចុងរូបនេះ វាយដំ ច្រាន និងប្រើអំពើហិង្សាលើកុមារារងគ្រោះយ៉ាងធ្ងន់ធ្ងរនៅចំណុចវាលស្រែ ដោយគ្មានក្តីអាណិតអាសូរ។ ទង្វើដ៏សាហាវឃោរឃៅនេះ បានធ្វើឱ្យមហាជនសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីផ្តល់យុត្តិធម៌ជូនកុមាររងគ្រោះ។
ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកច្បាប់បានលើកឡើងថា កុមារគ្រប់រូបមានសិទ្ធិរស់រានមានជីវិត និងទទួលបានការការពារពីការប្រើអំពើហិង្សាលើរូបរាងកាយ ផ្លូវចិត្ត និងផ្លូវភេទ មិនថាកុមារនោះជាកូនបង្កើត ឬកូនចុងនោះឡើយ ហើយការប្រើអំពើហិង្សាលើកុមារមិនមែនជាវិធីអប់រំដែលត្រូវទទួលយកបាននោះទេ៕

