រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសូត្រមន្តក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងពិធីបុណ្យដ៏មានន័យនេះ លោកជំទាវបណ្ឌិត បានអញ្ជើញអមដំណើរដោយលោកឪពុក អ្នកម្តាយ សហការី ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ក្នុងបរិយាកាសនៃពិធីសាសនា លោកជំទាវបណ្ឌិត បានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក៏ដូចជាវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី សូមឱ្យជួបតែសេចក្តីសុខ និងសុភមង្គល។
ទន្ទឹមនឹងនេះ ដោយមានសេចក្តីព្រួយបារម្ភចំពោះស្ថានភាពគ្រោះមហន្តរាយ លោកជំទាវបណ្ឌិត ក៏បានបួងសួងឱ្យប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅតាមបណ្ដាខេត្តនានា បានជួបតែសុខសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ទាំងពួង និងឆាប់បានវិលត្រឡប់មករស់នៅដោយសុខសាន្តដូចប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ៕ប្រភពក្រសួងព័ត៌មាន



