រាជធានីភ្នំពេញ ៖ យោងតាមសារព័ត៌មានក្នុងស្រុកបានផ្សាយឲ្យដឹងថា ស្រ្តីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលបានប្រើប្រាស់ពាក្យសម្ដីអសុរស និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើវីរកងទ័ពជួរមុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនដើម្បីសាកសួរ និងបំភ្លឺជុំវិញពាក់ព័ន្ធនឹងករណី «ធ្វើឲ្យខូចទឹកចិត្តកងទ័ព»។
ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ករណីប្រើប្រាស់ពាក្យសម្ដីអសុរស និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើវីរកងទ័ពជួរមុខនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះអនុវត្តការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ នៅចំណុចបុរី ML (ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ)។
អត្តសញ្ញាណជនសង្ស័យ ឈ្មោះ៖ ចិន្តា សុវណ្ណារី មុខរបរជាអាជីវករ (លក់ដូរ/ម្ចាស់ហាងទូរស័ព្ទ)។
ការនាំខ្លួនស្ត្រីរូបនេះធ្វើឡើងបន្ទាប់ពីស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរសព្ទមួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕



