ខេត្តកំពង់ឆ្នាំង ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ចប់មុខតំណែងមន្ត្រី ២រូប ដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំនៃខេត្តកំពង់ឆ្នាំង។
មន្ត្រីទាំងពីររូបត្រូវបានផ្លាស់ប្តូរមុខតំណែងដូចខាងក្រោម៖
– ទី១៖ លោក ហង្ស ពិសី ពីមុខតំណែងនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកកាន់មុខតំណែងមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
– ទី២៖ លោក វ៉ាន់ ថេន ពីមុខតំណែងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកកាន់មុខតំណែងមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តតាមច្បាប់បន្ថែមទៀត។
គួររំលឹកថា សាធារណជនបានរិះគន់មិនសំចៃ ក្រោយពីមានការបែកធ្លាយការចំណាយមូលនិធិឃុំលើគម្រោងដាក់បង្គោលភ្លើងសូឡាដែលមានតម្លៃរហូតដល់ 8 លានរៀលក្នុងមួយដើម៕


