ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារសងសឹកគ្នាយ៉ាងកក្រើកមជ្ឈិមបូព៌ារវាងក្រុមហ៊ូធី និងអារ៉ាប៊ីសាអូឌីត កន្លងទៅ បានបន្សល់ទុកនូវការខូចខាត និងផលប៉ះពាល់ជាច្រើន រួមទាំងវិស័យថាមពល និងប្រេង។
ទន្ទឹមនឹងភាពតានតឹងនេះ យោងតាមសារព័ត៌មាន Shafaq News បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីរ៉ាក់ សម្រេចចិត្តបិទច្រកព្រំដែនជាច្រើនច្រកជាមួយប្រទេសអ៊ីរ៉ង់ រហូតដល់មានការជូនដំណឹងជាថ្មី។
ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីទីក្រុងបាកដាដ បញ្ជាក់ពីការរកឃើញភស្តុតាងបង្ហាញពីការពាក់ព័ន្ធរបស់ទីក្រុងតេអេរ៉ង់ នៅក្នុងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញា។
ប្រភពព័ត៌មានដដែល បានឱ្យដឹងថា លោក Ali al-Zaidi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គឺជាអ្នកបញ្ជាដោយផ្ទាល់ឱ្យមានការបិទច្រកព្រំដែនទាំងនេះបណ្ដោះអាសន្ន។
អាជ្ញាធរអ៊ីរ៉ាក់ ជឿជាក់ថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មិនត្រឹមតែពាក់ព័ន្ធនឹងការវាយប្រហារលើបំពង់បង្ហូរប្រេង East-West របស់អារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជូនគ្រឿងបន្លាស់សម្រាប់ដំឡើងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ទៅក្នុងតំបន់ព្រំដែនយេម៉ែន ប្រើប្រាស់វាយប្រហារអារ៉ាប៊ីសាអូឌីតទៀតផងដែរ។
រហូតមកទល់ពេលនេះ អាជ្ញាធរផ្លូវការនៃប្រទេសទាំងពីរ គឺអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅមិនទាន់ធ្វើអត្ថាធិប្បាយលម្អិតណាមួយ ជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ។
បំពង់បង្ហូរប្រេង «East-West» ត្រូវបានវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា។ នៅថ្ងៃបន្ទាប់ គឺថ្ងៃទី ១២ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានដកតំណែងមេបញ្ជាការនៃបញ្ជាការដ្ឋានប្រតិបត្តិការក្នុងខេត្ត Maysan បន្ទាប់ពីមានការផ្ដល់ព័ត៌មានថា យន្តហោះគ្មានមនុស្សបើកដែលបានវាយប្រហារលើបំពង់បង្ហូរប្រេងនោះ ត្រូវបានបាញ់បង្ហោះចេញពីទឹកដីនៃខេត្តនេះ៕

