អន្តរជាតិ ៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូងកំពុងស្ថិតក្នុងការសម្រេចចិត្តថាតើគួរដាក់ពង្រាយកងទ័ពទៅកាន់ច្រកសមុទ្រ Hormuz ឬយ៉ាងណានោះទេ ដោយផែនការនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។
ទន្ទឹមនោះ ការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងអនុវត្តតាមនីតិវិធីសមស្រប ដើម្បីពិនិត្យមើលលទ្ធភាពនៃការដាក់ពង្រាយកងទ័ពដែលអាចធ្វើទៅបាន ហើយមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។
ការិយាល័យនេះ បានបន្ថែមថា កូរ៉េខាងត្បូង អាចពិចារណាចូលរួមចំណែកដល់ស្ថានភាពនៅច្រកសមុទ្រ Hormuz ដរាបណាស្ថានការណ៍នៅទីនោះស្ថិតក្នុងភាពចាំបាច់ណាមួយដែលខ្លួនយល់ថាសមស្រប។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងជាច្រើន បានរាយការណ៍ កាលពីព្រឹកថ្ងៃសុក្រនេះថា កងទ័ពកំពុងរៀបចំសម្រាប់ការដាក់ពង្រាយដែលអាចកើតមានទៅកាន់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។
យោងតាមច្បាប់កូរ៉េខាងត្បូង ការដាក់ពង្រាយកងទ័ពនៅក្រៅប្រទេសតម្រូវឱ្យមានការសម្រេចចិត្តពីក្រុមប្រឹក្សាសន្តិសុខជាតិ ការពិភាក្សារបស់គណៈរដ្ឋមន្ត្រី និងការយល់ព្រមពីរដ្ឋសភា។ យោងតាមរបាយការណ៍ សំណើនេះអាចត្រូវបានដាក់ជូនសភារួចហើយ កាលពីដើមខែនេះ។
ទន្ទឹមនោះ ផែនការនេះ អាចនាំឱ្យមានការផ្លាស់ប្ដូរជំហរពីមុនរបស់រដ្ឋាភិបាលដែលថាខ្លួននឹងពិចារណាបញ្ជូនកងទ័ពទៅកាន់ច្រកសមុទ្រ Hormuz នៅពេលដែលអរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់៕
បើតាមស្ថានីយទូរទស្សន៍ SBS របស់កូរ៉េខាងត្បូង ដែលដកស្រង់ប្រភពពីក្រសួងការពារជាតិ បានរាយការណ៍ថា ការដាក់ពង្រាយតាមផែនការអាចរួមមានយន្តហោះល្បាតសមុទ្រ, ក្រុមកម្ទេចយុទ្ធភណ្ឌផ្ទុះ និងនាវាគាំទ្រភស្តុភារកងទ័ពជើងទឹក៕



