ខេត្តកំពង់ធំ ៖ អនុវត្តតាមគោលការណ៍ និងបទបញ្ជាណែនាំយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និង លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ ក្នុងការត្រៀមលក្ខណៈជាប្រចាំ ២៤/២៤ម៉ោង ដើម្បីជួយសង្គ្រោះ និងបម្រើប្រជាពលរដ្ឋ។
ជាក់ស្ដែង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៤០នាទីព្រឹក មានករណីមនុស្សលង់ទឹកស្លាប់ ១នាក់ នៅចំណុចទំនប់បង្ហៀរទឹក ១មករា ស្ថិតក្នុងភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ ជិន ចយ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ (ជាមនុស្សមានសតិមិនគ្រប់)។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា រូបគេបានជិះម៉ូតូក្នុងស្ថានភាពស្រវឹង ទៅលេងទឹកនៅចំណុចទំនប់បង្ហៀរទឹកខាងលើ ហើយក៏បានលិចបាត់ខ្លួនតែម្តង។
ភ្លាមៗនោះ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក និងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រហូតដល់វេលាម៉ោង ១២:៨នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ទើបរាវរកឃើញសពជនរងគ្រោះ នៅក្នុងទឹកទំនប់កើតហេតុនោះ។
បន្ទាប់ពីបានពិនិត្យសាកសព សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយពុំមានការពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។ សពត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា សមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចុះលេងទឹក ឬធ្វើដំណើរឆ្លងកាត់ទីប្រជុំទឹក ព្រោះរដូវនេះជារដូវវស្សា និងមានទឹកជំនន់ធ្លាក់មកច្រើន៕

