ខេត្តកំពង់ធំ ៖ ដោយអនុវត្តន៍តាមច្បាប់ស្ដីពីជលផល និងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជា អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម ថន និងកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ទោ ឌឿ ប៊ុនធឿន នាយទាហាន នៃតំបន់ប្រិបត្តិការសឹករងកំពង់ធំ អនុប្រធានទីបញ្ជាការស្រាល បានបន្តសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ ដោយបបានបំផ្លាញចោលនៅហ្នឹងកន្លែងនូវឧបករណ៍របាំងស្បៃមុងខុសច្បាប់ប្រមាណប្រវែងជាង ៥០០ ម៉ែត្រ និងរបាំងស្បៃអួនក្រឡាញឹក ព្រមទាំងរបាំងស្បៃអួនលេីសប្រវែងដែលច្បាប់បានកំណត់ ប្រវែងប្រមាណជាង ៧០០ ម៉ែត្រ ព្រមទាំងបានចាក់លែងកូនត្រីប្រមាណជាង ៥ គីឡូក្រាម ចូលក្នុងទន្លេវិញផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅក្នុងរដូវបិទនេសាទនេះ កងកម្លាំងចម្រុះបានចូលរួមផ្សព្វផ្សាយច្បាប់ស្ដីពីជលផលជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋមួយចំនួនធំបានយល់ដឹង និងអនុវត្តន៍តាមច្បាប់ស្ដីពីជលផលថ្មី ដែលបានបង្កលក្ខណៈងាយស្រួលយ៉ាងច្រើនជូនប្រជាពលរដ្ឋក្នុងការធ្វើការនេសាទត្រី ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តលបលួចដាក់របាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុងខុសច្បាប់ ដែលច្បាប់បានហាមឃាត់ដាច់ខាត នៅក្នុងរដូវបិទនេសាទនេះ ទោះបីជាកងកម្លំាងចម្រុះបានចេញធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នេះជារៀងរាល់ថ្ងៃដូចភ្លៀងរលឹមក៍ដោយ ព្រោះរបាំងស្បៃមុងមានតម្លៃថោក ងាយស្រួលដាក់យកកូនត្រីតូចៗ ក្នុងរដូវពងកូន សម្រាប់ធ្វើជាចំណីត្រីធំៗផ្សេងទៀត ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ស្ដីពីជលផល ពិសេសនៅក្នុងរដូវត្រីពងកូនដែលជារដូវបិទនេសាទនេះ ដេីម្បីធ្វើឲ្យផលត្រីរបស់យើងបានសំបូរឡើងវិញសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនយើងនៅទូទាំងប្រទេស និងរក្សាធនធានមច្ឆាជាតិ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត៕





