អន្តរជាតិ ៖គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.១ រ៉ិចទ័រ ដែលវាយប្រហារក្នុងខេត្ត Kumamoto ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ និងបណ្ដាលឱ្យផ្សារទំនើប រួមទាំងអគារមួយចំនួនដួលរលំផងដែរ។
ទន្ទឹមនឹងការដួលរលំ ចរន្តអគ្គិសនីសម្រាប់ផ្ទះរាប់ពាន់ខ្នងក៏ត្រូវបានកាត់ផ្ដាច់ និងផ្លូវថ្នល់បានរងការបំផ្លាញនៅទូទាំងតំបន់ផងដែរ។
ទន្ទឹមនោះ អភិបាលខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងធ្វើការនៅកន្លែងកើតហេតុបានទាញមនុស្ស ៨ នាក់ ចេញពីគំនរនៃផ្សារទំនើប Aeon Mall ដែលបាក់រលំ បន្ទាប់ពីការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ។
ក្នុងចំណោមមនុស្ស ៨ នាក់នោះ រួមមានស្ត្រី ២ នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ ខណៈមនុស្សម្នាក់ទៀតកំពុងរងរបួសធ្ងន់ធ្ងរ ខណៈ ៥ នាក់ទៀតរងរបួស។ ក្រុមជួយសង្គ្រោះ ប៉ូលីស និងបុគ្គលិកកម្លាំងការពារស្វ័យការពារ កំពុងធ្វើការរួមគ្នានៅកន្លែងកើតហេតុពេញមួយយប់ ដោយផ្តោតលើប្រតិបត្តិការស្វែងរកនៅលើតំបន់នៃអគារដែលជាកន្លែងរងគ្រោះធ្ងន់ធ្ងរ និងមានមនុស្សស្ថិតនៅច្រើនមុនពេលរញ្ជួយ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានពីការិយាល័យរបស់លោកស្រី នៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បាននិយាយថា អាជ្ញាធរ កំពុងវាយតម្លៃពីវិសាលភាពពេញលេញនៃការខូចខាតនៅក្នុងតំបន់នេះ ដែលធ្លាប់ត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏សាហាវមួយផងដែរ កាលពីមួយទសវត្សរ៍មុន៕

