រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG) នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ស្តីពី «បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា» ជូនដល់អ្នកសារព័ត៌មាន សមាជិក-សមាជិកានៃក្លិបអ្នកកាសែតកម្ពុជា ចំនួនអ្នកចូលរួម១៥៣នាក់(ស្រ្តី២២នាក់)មកពី៤២អង្គភាព។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ហើយត្រូវបានបិទបញ្ចប់ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមនៅរសៀលថ្ងៃដដែល ក្រោមអធិបតីភាពឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណងសំខាន់ៗដូចជា៖
ពង្រឹងសមត្ថភាព បង្កើនចំណេះដឹង និងជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដកស្រង់បទពិសោធន៍ជាក់ស្តែងសម្រាប់យកទៅអនុវត្តក្នុងអាជីពសារព័ត៌មាន។
ប្រកាន់ខ្ជាប់ក្រមសីលធម៌ ចែករំលែកពីការប្រើប្រាស់ AI ក្នុងវិស័យព័ត៌មានប្រកបដោយការទទួលខុសត្រូវ ភាពត្រឹមត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។
ការត្រៀមខ្លួនសម្រាប់អនាគត ជួយឱ្យអ្នកសារព័ត៌មាន និងអង្គភាពព័ត៌មានកម្ពុជា អាចសម្របខ្លួនបានទាន់ពេលវេលាទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិបទឌីជីថល។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ក៏មានការធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការសិក្សាពេញមួយថ្ងៃ, ការថ្លែងចំណាប់អារម្មណ៍ពីសំណាក់ថ្នាក់ដឹកនាំ, ពិធីបិទវគ្គជាផ្លូវការ ព្រមទាំងការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម និងការថតរូបអនុស្សាវរីយ៍ប្រកបដោយបរិយាកាសស្និទ្ធស្នាល ។
ព្រឹត្តិការណ៍នេះបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្លិបអ្នកកាសែតកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បីធានាថាអ្នកកាសែតកម្ពុជាមានសមត្ថភាពពេញលេញក្នុងការចាប់យកបច្ចេកវិទ្យាទំនើប មកបម្រើឱ្យការផលិតព័ត៌មានប្រកបដោយក្រមសីលធ៏ម មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត៕
.jpg)










