រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សបានសហការជាមួយសមត្ថកិច្ចប្រគល់ខ្លួនស្ដ្រីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ជូនអោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ករណីបើករថយន្ដបុកមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្លាប់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
សូមរំលឹកថា ស្ដ្រីឈ្មោះ សាម ម៉ីជូ បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។
យោងប្រភពពីកន្លែងកើតហេតុ និងសមត្ថកិច្ចបានឲ្យដឹងថា : រថយន្ដម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy ពាក់ផ្លាកលេខភ្នំពេញ1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។
ផ្អែកតាមអត្តសញ្ញាណប័ណ្ណដែលគេរើសបាននៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមន្ដ្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ។
ខណៈអត្តសញ្ញាណម្ចាស់រថយន្ដ ត្រូវបានគេស្គាល់ឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ គេឃើញជនសង្ស័យឡើងជិះតុកៗទៅបាត់ស្រមោលដែលធ្វើឲ្យមានការរិះគន់ពីបណ្ដាញសង្គម។សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕


