ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបករណីលួចនាំចូលត្រីប្រាយ៉ាងក្តៅគគុក។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយកម្លាំងជំនាញបានឃាត់រថយន្តកែច្នៃដឹកទំនិញមួយគ្រឿង ម៉ាក HYUNDAI ពាក់ស្លាកលេខ រតនគិរី 3A-9055 ដែលកំពុងលួចបង្កប់ដឹក ត្រីប្រាខុសច្បាប់រហូតដល់ ១៨តោន។ យ៉ាងណាមិញ ក្នុងពេលសមត្ថកិច្ចចុះអន្តរាគមន៍ ជនសង្ស័យចំនួន ២នាក់ បានបោះបង់ចោលរថយន្ត ហើយរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។
បច្ចុប្បន្ន ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមព្រះរាជអាជ្ញា មន្ត្រីជំនាញកំពុងសហការគ្នាយ៉ាងស្រោចស្រង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនសង្ស័យដែលបានរត់គេចខ្លួន យកមកផ្តន្ទាទោស៕
អំពើល្មើសច្បាប់លួចនាំចូលត្រីប្រាគ្មានច្បាប់អនុញ្ញាតនេះ មិនត្រឹមតែជាការបំផ្លាញទីផ្សារត្រីក្នុងស្រុក និងធ្វើឱ្យតម្លៃត្រីរបស់កសិករធ្លាក់ចុះថោកទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យដល់សុខភាពអ្នកបរិភោគ តាមរយៈការនាំចូលត្រីគ្មានការពិនិត្យលក្ខណៈបច្ចេកទេស និងអនាម័យត្រឹមត្រូវទៀតផង៕


