ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សចំនួន ២ នាក់ ដែលត្រូវបានកាត់ជាច្រើនកំណាត់ និងដាក់ក្នុងស្បោងខ្មៅ នៅចំណុចព្រៃក្បែរផ្លូវ ស្ថិតនៅខាងកើតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះបានបង្កការភ្ញាក់ផ្អើល និងត្រូវបានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលប្រទះឃើញសាកសព ពួកគេបានឃើញសត្វសុនខអូសស្បោងខ្មៅចេញពីព្រៃ ដោយមានក្លិនស្អុយខ្លាំង។ នៅពេលចូលទៅពិនិត្យ ពួកគេបានឃើញបំណែកសាកសពមនុស្ស រួមមានក្បាលចំនួន ២ និងបំណែកដងខ្លួន ដៃ និងជើង។
ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យកោសល្យវិច័យ បានចុះពិនិត្យទីតាំងកើតហេតុ និងប្រមូលភស្តុតាង ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងស្វែងរកមូលហេតុនៃករណីនេះ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បញ្ចេញព័ត៌មានផ្លូវការអំពីអត្តសញ្ញាណជនរងគ្រោះ មូលហេតុនៃការស្លាប់ ឬជនសង្ស័យពាក់ព័ន្ធនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងបន្ត៕


