ខេត្តឧត្តរមានជ័យ ៖ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានរៀបចំពិធីរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជា និងពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសលជូនវីរ:កងទ័ព និងវីរ:នគរបាល ដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដី។
នេះបើយោងតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យឲ្យដឹងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ថ្លែងក្នុងពិធីនាបរិវេណវេទិកាអុំទូកខេត្តឧត្ដរមានជ័យ។
លោកថា ការរៀបចំពិធីនេះមិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរកងទ័ព និងនគរបាលជាតិ។
លោក មាន ចាន់យ៉ាដា បន្តថា : ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។
ញើស និងឈាមរបស់វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង។
គួរបញ្ជាក់ថា សកម្មភាពនេះក៏បានដាស់ស្មារតីឲ្យប្រជាជនខ្មែរគ្រប់រូប គោរពដឹងគុណ នូវពលិកម្មដ៏ធំធេងរបស់វីរជនកងទ័ព និងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសស្គាល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងចេះស្រឡាញ់ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីការពារជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ព្រមទាំងបងប្អូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមករាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសផលានុផល និងបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងវីរនគរបាលជាតិ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍៕












