រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិឬស្សី ក្រុមទី៩ និងក្រុមទី១១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងពីក្តីកង្វល់ និងស្នើសុំឱ្យឯកឧត្តមប្រធានក្រុមការងារ ជួយធ្វើអន្តរាគមន៍ចំពោះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយចំនួនដែលមានទីតាំងនៅជិតលំនៅឋាន ដោយបានប្រើប្រាស់កម្ទេចក្រណាត់ជាឥន្ធនៈសម្រាប់ដុតឡចំហាយ បណ្តាលឱ្យមានផ្សែងខ្មៅ និងក្លិនមិនល្អរសាត់ចូលក្នុងផ្ទះប្រជាពលរដ្ឋ ដែលប៉ះពាល់ដល់សុខភាព ជាពិសេសប្រព័ន្ធផ្លូវដង្ហើមរបស់អ្នករស់នៅជុំវិញតំបន់នោះ។
ក្រោយពីទទួលបានសំណូមពរ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង បានចាត់តាំងលោក លឹម មុនី សមាជិកក្រុមការងារ ឱ្យសម្របសម្រួលជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីចុះពិនិត្យជាក់ស្តែង។
ក្រុមការងារចុះពិនិត្យត្រូវបានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ និងលោក ហ៊ឹម ហៃ អនុប្រធានភូមិឬស្សី។ ក្រុមការងារបានចុះពិនិត្យរោងចក្រចំនួន៣ទីតាំង រួមមាន ៖
១. រោងចក្រ ហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក
២. រោងចក្រ XSLJ
៣. រោងចក្រ យុន ជាន់ ហ្គាម៉ិន ឯ.ក
ជាលទ្ធផល ក្រុមការងារបានរកឃើញថា រោងចក្រទាំងបីពិតជាបានប្រើប្រាស់កម្ទេចក្រណាត់សម្រាប់ដុតឡចំហាយមែន។ ភ្លាមៗនោះ ក្រុមការងារបានធ្វើកំណត់ហេតុ និងណែនាំឱ្យម្ចាស់រោងចក្រទាំងបីបញ្ឈប់ការយកកម្ទេចក្រណាត់មកដុតចាប់ពីថ្ងៃចុះពិនិត្យតទៅ។ ម្ចាស់រោងចក្រក៏បានផ្ដិតមេដៃទទួលស្គាល់លើកំណត់ហេតុជាភស្តុតាង។ ក្រុមការងារបានបញ្ជាក់ថា ៖ ប្រសិនបើមានការបំពានបន្តទៀត អាជ្ញាធរនឹងអនុវត្តវិធានការតាមនីតិវិធីច្បាប់ រួមទាំងការផាកពិន័យតាមច្បាប់ជាធរមាន។
ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់រោងចក្រ ជាពិសេសអ្នករស់នៅក្រុមទី៩ និងក្រុមទី១១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ បានសម្តែងការអរគុណ និងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ទាន់ពេលវេលារបស់ឯកឧត្តម យុន ហេង ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ដែលបានរួមគ្នាដោះស្រាយបញ្ហាបំពុលបរិយាកាសពីផ្សែងរោងចក្រ ដែលបានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអស់រយៈពេលជាយូរមកហើយ។
ប្រជាពលរដ្ឋមានសង្ឃឹមថា វិធានការនេះនឹងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងបន្តតាមដានជាប្រចាំ ដើម្បីធានាបាននូវបរិស្ថានរស់នៅប្រកបដោយសុខភាពល្អ និងជីវភាពកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


.jpg)



.jpg)


.jpg)


.jpg)


.jpg)

