រដូវបិទនេសាទកម្លាំងយោធាបង្ក្រាបទូកនេសាទអូសខ្ចៅខុសច្បាប់ 9 គ្រឿង និងដកហូតខ្ចៅជាង ១តោនកន្លះ លែងចូលទន្លេវិញ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដូវបិទនេសាទកម្លាំងយោធាបង្ក្រាបទូកនេសាទអូសខ្ចៅខុសច្បាប់ 9 គ្រឿង និងដកហូតខ្ចៅជាង ១តោនកន្លះ លែងចូលទន្លេវិញ


 ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2026កម្លាំងបង្ក្រាបបទល្មើសនេសាទ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ទិសទី២ ស្រុកបរិបូណ៌ សហការជាមួយកម្លាំងយោធភូមិភាគទី៥ បានចុះបង្ក្រាប និងឃាត់ទូកនេសាទអូសខ្ចៅខុសច្បាប់ចំនួន ០៩គ្រឿង ក្នុងរដូវបិទនេសាទ  ដោយកម្លាំងចម្រុះបានធ្វើការល្បាត និងរុករកបទល្មើសនៅចំណុចព្រែកតាពេជ្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
​ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនអ្នកនេសាទចំនួន ១៥នាក់ និងដកហូតទូកចំនួន ០៩គ្រឿង ដែលបានធ្វើសកម្មភាពអូសខ្ចៅដោយប្រើម៉ាស៊ីនយ៉ាងអាណាធិបតេយ្យក្នុងរដូវបិទនេសាទ។ បច្ចុប្បន្ន វត្ថុតាងទូកទាំង ០៩គ្រឿង រួមនឹងឧបករណ៍ល្មើសច្បាប់មួយចំនួន ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការកងពលតូចថ្មើរជើងលេខ៥១ ដើម្បីចាត់ការតាមនីតិវិធី។
​ដោយឡែក ផលនេសាទខ្ចៅដែលដកហូតបានពីទូកល្មើសច្បាប់ទាំងនោះ មានទម្ងន់សរុបប្រមាណ ១,៥០០ គីឡូក្រាម (១តោនកន្លះ) ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការលែងទៅក្នុងទន្លេធម្មជាតិវិញភ្លាមៗផងដែរ។
​ទន្ទឹមនឹងនោះ កម្លាំងយោធាបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះប្រជានេសាទទាំង ១៥នាក់ ដោយបានពន្យល់ថា ក្នុងអំឡុងពេលរដូវបិទនេសាទនេះ ការប្រើប្រាស់ឧបករណ៍អូសខ្ចៅខុសច្បាប់ គឺបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងជម្រកត្រីពងកូន។
​កងកម្លាំងប្រតិបត្តិការសឹករងស្រុកបរិបូណ៌ បានគូសបញ្ជាក់ថា កន្លងមកសមត្ថកិច្ចតែងតែចុះអប់រំណែនាំជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែនៅតែមានជនខិលខូចលួចលាក់ធ្វើសកម្មភាព និងមិនស្តាប់តាមការណែនាំ។ ក្នុងនាមសមត្ថកិច្ច សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់ មេត្តាចូលរួមគោរពច្បាប់ និងសហការគ្នាប្រឆាំងបទល្មើសនេសាទ ដើម្បីថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស៕



 

Previous Post Next Post