ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:៣០នាទីព្រឹក កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយកងពលតូចលេខ៧០ និងខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបករណីនេសាទខុសច្បាប់ (ឆក់ត្រី) នៅចំណុចព្រែកជើងគ្រោះ ស្ថិតក្នុងភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង។
សកម្មភាពបង្ក្រាប និងការប៉ះទង្គិច
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី មួង ណួរ៉ា មេបញ្ជាការអង្គភាព ង៧០ ប្រចាំភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ នៅពេលកម្លាំងចម្រុះកំពុងល្បាត ក៏ប្រទះឃើញក្រុមជនល្មើសកំពុងធ្វើសកម្មភាព។
ក្នុងអំឡុងពេលដេញចាប់ ក្រុមជនល្មើសបានបើកទូកបំបុកទូករបស់សមត្ថកិច្ច បណ្តាលឱ្យលិចទូកចំនួន ២ គ្រឿង និងធ្លាក់សម្ភារៈប្រើប្រាស់ មាន(វិទ្យុទាក់ទង និងទូរស័ព្ទ) ចូលទៅក្នុងទឹកផងដែរ។
ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ខណៈបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់ស្រមោល។
វត្ថុតាងដែលរឹបអូសបានរួមមាន៖
អាំងវែរទ័រឆក់ត្រី៖ ០១ គ្រឿង
អាគុយ ៧០ អំពែ (ម៉ាក Long)៖ ០១ គ្រឿង
កន្ត្រងដងត្រី៖ ០៣
ខ្សែភ្លើង និងខ្សែកាប៖ ប្រវែង ០៨ ម៉ែត្រ
ទូក និងម៉ាស៊ីន៖ ០១ គ្រឿង
លោកវរសេនីយ៍ទោ ម៉ៅ វេ បានបញ្ជាក់ថា ជនសង្ស័យរួមនឹងវត្ថុតាង (ឧបករណ៍ឆក់) ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក ចំពោះទូកនិងម៉ាស៊ីន ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅអង្គភាព ង៧០៕





