តាមប្រភពព័ត៌មានទទួលបាន បន្ទាប់ពីចូលខ្លួនសារភាពកាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញរួចមក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជូនជនសង័្សយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ទៅកាន់តុលាការខេត្ត ដើម្បីអនុវត្តទោសតាមច្បាប់។
គួររំលឹកថា ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាជនសង្ស័យបានបើករថយន្ដបុកមនុស្សស្លាប់៥នាក់ និងរបួសម្នាក់នាពេលកន្លងទៅ ខណ ដែលជនសង្ស័យរូបនោះជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ផងដែរ។ បន្ទាប់ពីបង្កហេតុហើយរត់គេចខ្លួនមួយរយៈខ្លី ជនសង្ស័យបានចូលខ្លួនទៅសារភាពនៅចំពោះមុខសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញ។ នៅចំពោះមុខសមត្ថកិច្ច ជនបង្ក ស៊ីវ ជ័យសិដ្ឋ បានសារភាពថា ខ្លួនគេតែម្នាក់គត់ជាអ្នកបើកបរបង្កគ្រោះថ្នាក់បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ម្នាក់។
ចំពោះមុខសមត្ថកិច្ច បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេជាអ្នកបើករថយន្ត ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍នោះ គ្មានអ្នកផ្សេងទេ ។
សរុបជនរងគ្រោះស្លាប់ចំនួន ៥នាក់ / ស្រីចំនួន៣នាក់ ដែលក្នុងនោះ ស្រីម្នាក់មានគភ៌ចំនួន៣ខែផង ។នេះបើតាមប្រភពពីក្រុមគ្រួសារនៃសព និងរងរបួសធ្ងន់ចំនួន១នាក់ប្រុស ។
ជនរងគ្រោះទាំងអស់ជាពលរដ្ឋរស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះបានបើកបរនិងជិះរួមដំណើរតាមម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីស្រាបៀរហ្គែងស្ប៊ើកមួយកន្លែង ស្ថិតនៅទីរួមស្រុកមោងឫស្សី នារាត្រីថ្ងៃទី២៧ខែមីនានោះ។
បន្ទាប់ពីកើតហេតុរួចមក សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី រួមសហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ។
អ្នកបើករថយន្តបង្កគ្រោះថ្នាក់ បានគេចខ្លួនបាត់ តែបន្សល់ទុករថយន្តបង្កនៅទីនោះ ។
ហើយសមត្ថកិច្ច និងអ្នកជួយសង្គ្រោះនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងអ្នកស្លាប់ប្រគល់ជូនក្រុមគ្រួសារសព និងបានវាស់វែងពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានា នៅកន្លែងកើតហេតុ៕



