ខេត្តត្បូងឃ្មុំ ៖ ករណីបាញ់ស្លាប់រហូត៣នាក់នៅត្បូងឃ្មុំ កាលពីព្រឹកមិញ ត្រូវបានគេសន្និដ្ឋានបានខ្លះៗហើយ។ តាមសមត្ថកិច្ចបានបង្ហើបថា ជនរងគ្រោះទី១, ឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ ជាថៅកែអង្ករ មានទីលំនៅកន្លែងកើតហេតុ ទី២, ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ និងទី៣, ឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ មានទីលំនៅក្បែកន្លែងកើតហេតុ ជាអ្នករកស៊ីអង្ករដូចគ្នា (ជាជនដៃដល់)។
តាមប្រភពព័ត៌មានពីអ្នកជិតខាងបានឱ្យដឹងថា ឈ្មោះ គីម លាងអេង ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ហើយមានទំនាក់ទំនងជាមួយឈ្មោះ វណ្ណ ត្រកាល ដែលជាអ្នករកស៊ីអង្ករយូរមកហើយ និងបានចេញចូលផ្ទះថៅកែស្រីជាញឹកញាប់ ដែលគេសង្ស័យថា អាចមានទំនាក់ទំនងស៊ីជម្រៅ។ ក្រោយមកថៅកែស្រី ក៏មានទំនាក់ទំនងជាមួយបុរសម្នាក់ទៀត ជានគរបាលនៅភ្នំពេញ ហើយឈានដល់មានគម្រោងរៀបចំពិធីភ្ជាប់ពាក្យនៅចុងខែមីនាខាងមុខ ក៏កើតចិត្តប្រច័ណ្ឌ ហើយក៏បាញ់សម្លាប់តែម្តង។
ដោយឡែកលោក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ពីមុនឃាតករ និងស្ត្រីរងគ្រោះ គឺធ្លាប់បានរកស៊ីជាមួយគ្នា មានឃ្លាំងអង្ករដូចគ្នា ហើយតែងតែចេញចូលទីតាំងកន្លែងកើតហេតុទៀតផង។ ស្របពេលដែលបានដឹងថា ស្ត្រីរងគ្រោះត្រូវភ្ជាប់ពាក្យនៅថ្ងៃទី៣០ ខែមីនា ខាងមុខ ជនដៃដល់ក៏កើតភ្លើងប្រច័ណ្ឌ ហើយបានទិញកាំភ្លើងខ្លី ជិះម៉ូតូចូលមកដល់ឃ្លាំងអង្ករ ហើយក៏បាញ់ទៅលើបុរសគូដណ្ដឹង និងស្ត្រីរងគ្រោះ រួចក៏បាញ់ខ្លួនឯងធ្វើអត្តឃាតតាមក្រោយ។
ទោះជាយ៉ាងណាក៏ដោយ ករណីអំពើឃាតកម្មដ៏សាហាវនេះ កម្លាំងនគរបាលជំនាញខេត្តត្បូងឃ្មុំ កំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ។ សូមបញ្ជាក់ថា ឃាតករ ឬជនដៃដល់ មានប្រពន្ធកូននៅប្រទេសបារាំង ហើយតាមព័ត៌មាន ប្រពន្ធដែលកំពុងរស់នៅស្រុកក្រៅនោះ កំពុងតែរត់ការដើម្បីធានាយកប្ដីទៅនៅជាមួយផងដែរ ៕





