ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រកាសសម្ពោធអនុវត្តគម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយដំណាក់កាលទី២» ដែលមានរយៈពេល១ឆ្នាំ ចាប់អនុវត្តពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៦ ដែលមានការចូលរួមពីកម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។
ការប្រកាសអនុវត្តគម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២» នេះ បានធ្វើឡើងបន្ទាប់យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រយៈពេល១ឆ្នាំ ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក ក្នុងក្របខណ្ឌទូទាំងប្រទេស កម្ពុជាទទួលជោគជ័យយ៉ាងត្រចះត្រចង់។
ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកថា ការផ្សព្វផ្សាយក្នុងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយដំណាក់កាលទី១ មានសាធារណជនចូលមើលជាង ៩លាននាក់ នៅលើបណ្តាញសង្គម និងអ្នកចូលរួមដោយផ្ទាល់ជាង ៦ម៉ឺននាក់ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំង២៥។ ជាពិសេសយុទ្ធនាការនេះបានចូលរួមការពារ យុវជនកម្ពុជាប្រមាណជា ៦៦ភាគរយ នៃប្រជាជនសរុប ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា តាមរយៈបទពិសោធដែលយើងទទួលបានពីយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» យើងសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២នេះ នឹងទទួលបានជោគជ័យដូចអ្វីដែលយើងរំពឹងទុក។ បទពិសោធន៍ទាំងនេះនឹងជួយពង្រឹងតួនាទីដ៏សកម្មរបស់ កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជាសមាជិកតំបន់ទន្លេមេគង្គ ដើម្បីប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រលំ ជាពិសេស ព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត(AI) ដែលបាននិងកំពុងចរាចរពាសពេញនៅលើបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន៕AKP



