អភិបាលខេត្ត ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លី មានលក្ខណៈ៣ភូមិចុងក្រោយ នៅឃុំសំរោង ស្រុកអូរជ្រៅ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខេត្ត ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លី មានលក្ខណៈ៣ភូមិចុងក្រោយ នៅឃុំសំរោង ស្រុកអូរជ្រៅ

 


ខេត្តបន្ទាយមានជ័យ : មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនិងរដ្ឋបាលស្រុកអូរជ្រៅនាវត្តសំរោង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានស្វាគមន៍និងរាយការណ៍សង្ខេបពីស្ថានការណ៍ក្នុងស្រុក ហើយដោយឡែកពីការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ។
លោកថា ស្រុកអូរជ្រៅបានចាប់ផ្តើមអនុវត្តការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធចាប់ពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ការចុះបញ្ជីនិងចែកវិញ្ញាបនបត្របានរួចរាល់ចំនួន៣ឃុំ គឺឃុំកូប ឃុំគុត្តសត និង៧ភូមិនៃឃុំសំរោង
ដោយឡែកឃុំសំរោងបានចុះបញ្ជី និងចែកវិញ្ញាបនបត្រ រួចរាល់ចំនួន ៧ភូមិ នៅចំនួន ៣ភូមិ គឺភូមិអ្នកតាឈរ ភូមិបន្លិច និងភូមិអញ្ចាញ ដែលជាភូមិចុងក្រោយនៃឃុំសំរោង។
ចំពោះឃុំអូរបីជាន់ បានបញ្ចប់ការវាស់វែងនៅភូមិបន្ទាយថ្មី ភូមិថ្នល់បត់ និង១ផ្នែកនៃភូមិអូរបីជាន់
ហើយបានបញ្ចប់ការបិទផ្សាយ លើភូមិចំនួន៤ គឺភូមិទំនប់ដាច់ ភូមិព្រាវ ភូមិស្នួល ទ្រេត និងភូមិប្រាសាទ
ចំពោះភូមិសិលាខ្មែរ ភូមិជោគជ័យ ភូមិព្រៃចាន់ និង១ផ្នែកនៃភូមិអូរបីជាន់  មិនទាន់បានវាស់វែងដោយសារ ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ ហើយយោធាថៃឈ្លានពាន។
លោកកែវ តារារស្មី បន្តថា: ឯឃុំចង្ហា ឃុំសឹង្ហ និងឃុំសូភី បានបញ្ចប់ការវាស់វែងនិងរៀបចំឯកសារវិនិច្ឆ័យ ត្រៀមបិទផ្សាយជាសាធារណៈតាមនីតិវិធីនាពេលខាងមុខផងដែរ។
   
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា : ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។
  នាឱកាសនោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍លើកអំពីផលប្រយោជន៍ដ៏សំខាន់នៃប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុរបស់បងប្អូនដូចជាការធានាភាពស្របច្បាប់ , កាត់បន្ថយជម្លោះពីទំនាស់ដីធ្លី, ការផ្ទេរសិទ្ធិ (ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។
ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី ក៏បានសំណូមពរឱ្យអាជ្ញាធរក្រុងសង្កាត់ភូមិ ជួយផ្សព្វផ្សាយបំផុសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងស្ថាប័ន ពាក់ព័ន្ធ ចូលរួមសហការក្នុងសកម្មភាពការងារចុះបញ្ជីដីធ្លីនេះ៕







Previous Post Next Post