ខេត្តកោះកុង ៖ ឆ្លើយតបនឹងការមើលឃើញពីការលំបាកក្នុងការធ្វើដំណើរនិងដឹកជញ្ជូន និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន អាជ្ញាធរស្រុកស្រែអំបិល ខេត្តកោះកុង បានទម្លាក់គម្រោងមូលនិធិអភិវឌ្ឍន៍កសាងផ្លូវបេតុងមួយខ្សែមានប្រវែង 570 ម៉ែត្រ ទទឹង 6 ម៉ែត្រ និងកម្រាស់ ១តឹកកន្លះ ជូនប្រជាពលរដ្ឋនៅចំណុចផ្សាក្រោម។
រដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង បានបំពេញក្តីបំណងរបស់ប្រជាពលរដ្ឋរស់នៅចំណុចផ្សារក្រោម ភូមិស្រែអំបិល ឃុំស្រែអំបិល ខេត្តកោះកុង ដោយអភិវឌ្ឍន៍កសាងជាផ្លូវបេតុងប្រវែង 570 ម៉ែត្រ ទទឹង 6 ម៉ែត្រ និងកម្រាស់ 01.5 ដែលបានធ្វើរួចរាល់និងដាក់ឲ្យប្រើប្រាស់ជាប្រយោជន៏សាធារណ:។
នៅរសៀលថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2025 កន្លងទៅនេះ លោក ជា ច័នកញ្ញា អភិបាលនៃគណៈភិបាលស្រុកស្រែអំបិល បានអះអាង ថា កន្លងទៅនេះប្រជាពលរដ្ឋរបស់លោកពិតជាលំបាកក្នុងការធ្វើចរាចរណ៍និងធ្វើដំណើរទៅមកណាស់ ដោយសារតែស្ថានភាពផ្លូវក្រាលគ្រោះក្រហមមានជង្ហុកតូចធំនារដូវវស្សា ដូច្នេះទើបលោកនិងក្រុមប្រឹក្សាស្រុកលើកជាគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងខាងលើ ជូនប្រជាពលរដ្ឋតែម្ដង ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរដឹកជញ្ជូនទិន្នផលនេសាទទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្រែអំបិល ក៏សំណូមពណ៌ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវដែលទើបនឹងកសាងរួចរាល់ខាងលើ មេត្តាចូលរួមថែរក្សាការពារផ្លូវឲ្យបានល្អដើម្បីប្រយោជន៏ការប្រើប្រាស់គង់វង្សយូរអង្វែង ដោយកុំដឹកលើសទម្ងន់ដែលរដ្ឋកំណត់ កុំជីកកាយឬចាក់អាចម៍ដីបិទផ្លូវទឹកនិងកុំចោលសំរាមគ្មានសណ្ដាប់ធ្នាប់ជាដើម។ លោកអភិបាលស្រុកបានមានប្រសាសន៍បន្តទៀតថា លោកនឹងខំប្រឹងប្រែងដើម្បីស្ថាបនាផ្លូវជាបន្តទៀតស្ថិតនៅភូមិសាស្ត្ររបស់លោក ដើម្បីបំរើផលប្រយោជន៏ប្រជាពលរដ្ឋ៕ដោយ គួយ ណារ៉ាត់



.jpg)
