ប្រជាជនជាង ៥៤០គ្រួសារ ត្រូវបានជម្លៀស ខណៈជំនន់ទឹកភ្លៀងវាយលុក នៅខេត្តពោធិ៍សាត់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ប្រជាជនជាង ៥៤០គ្រួសារ ត្រូវបានជម្លៀស ខណៈជំនន់ទឹកភ្លៀងវាយលុក នៅខេត្តពោធិ៍សាត់



ខេត្តពោធិសាត់: លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ខូយ រីដា អភិបាល​ខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថាស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់នៅម៉ោង១រសៀលនេះបានស្រកចុះក្នុង​កម្រិតតិចតួច​បំផុតពោលគឺ​ទឹកកំពុងតែបែកវាល ។

តាមតុល្យការថ្មីត្រឹមព្រលប់ថ្ងៃដដែល​នេះដែរក្រុង ស្រុកចំនួនប្រាំបានរងផល​ប៉ះពាល់ពោលគឺ​បានកើន​មួយស្រុកថែមទៀតបើធៀបនឹងម្សិលមិញ ខណៈប្រជាជនជាង៥៤០​គ្រួសារត្រូវបាន​ជម្លៀស​ទៅទីសុវត្ថិភាព។

ខេត្តពោធិ៍សាត់ត្រូវបានវាយលុកដោយជំនន់ទឹកភ្លៀងចាប់តាំងពីដើមសប្ដាហ៍នេះ។គិតចាប់ពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ (គិតត្រឹម​ម៉ោង ០៥៖៥០នាទីល្ងាច)ខេត្តពោធិ៍សាត់មានធ្លាក់ភ្លៀង​ខ្លាំង​បង្កជាជំនន់ទឹកភ្លៀង បង្កផល​ប៉ះពាល់ដូចជា ប៉ះពាល់៖ ប្រាំក្រុង/ស្រុក ស្មើនឹង ២១ ឃុំ (កើនមួយស្រុក)ក្នុងនេះមាន ៖ក្រុងពោធិសាត់ ស្រុកកណ្ដៀង ស្រុកភ្នំក្រវាញ ស្រុកបាកាន និងស្រុកតាលោកសែនជ័យ។ប៉ះពាល់ប្រជាពលរដ្ឋចំនួន៣.៦០៨ គ្រួសារ ,ផ្ទះប៉ះពាល់ផ្ទះ៖៤.២០០ ខ្នង (កើន ៣.៥១៣ ខ្នងផ្ទះ)។ ប្រជាជនចំនួន៥៤៥គ្រួសារ ត្រូវបានជម្លៀស​ទៅកាន់ទីសុវត្ថិភាព។លើសពីនេះបានប៉ះពាល់ស្រូវចំនួន ៣៣៣,៨៨៥ ហិកតា (កើន ៣៣១៥៧៤ហិកតា)។

បើតាមលោក ខូយ រីដា ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់​នៅម៉ោង១រសៀលនេះបានស្រកចុះក្នុងកម្រិត​តិចតួច​បំផុតពោល​គឺទឹកកំពុងតែបែកវាល។
អាជ្ញាធរខេត្តបាននិងកំពុងអន្តរាគមន៍ជួយ​សង្គ្រោះប្រជាពលរដ្ឋមកទីទួល​សុវត្ថិភាព ព្រមទាំងកំណត់គោលដៅ​ផល​ប៉ះពាល់នៃជំនន់ទឹកភ្លៀងផងដែរ។

លោកបានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃនេះដែលថា ប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងបន្តទៀតនៅ​តំបន់ភ្នំ​ក្រវាញទេនោះ កម្ពស់​ទឹកនឹងស្រកចុះដែលអាចនាំឱ្យស្ថានភាពទឹកជំនន់ធូរ​ស្រាល​ឡើងវិញ។ទោះជាយ៉ាង​​ណា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នក​ដែល​រស់​នៅតាមដងស្ទឹង និងតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវតែបន្តបង្កើនការប្រុង​ប្រយ័ត្នខ្ពស់។ក្នុងស្ថានភាពនេះ អនាម័យ​សុខភាព​គឺជាកត្តាចាំបាច់បំផុត​ ត្រូវហូបស្អាត និងផឹកស្អាត ដើម្បីការពារ​ខ្លួនពីជំងឺឆ្លងផ្សេងៗដែលតែងតែកើតមានឡើង​ក្រោយ​ពីទឹកជំនន់ស្រកចុះ។
ទាក់ទងនឹងជំនន់ទឹកភ្លៀងនេះដែរ លើបណ្ដាញសង្គមហ្វេសប៊ុក​ផ្លូវការ​នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នាព្រលប់​ថ្ងៃទី២១ ខែវិច្ឆិកានេះដែរ បានពីកម្រិតទឹកស្រកចុះមាន​កម្រិត​តិចតួចនៅឡើយបើធៀបនឹងការវាស់វែងកាលពីព្រឹក។
មន្ទីរធនធានទឹកបានបង្ហាញថា ពេលល្ងាចថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពទឹកតាមអាងស្តុកទឹក និងស្ថានីយ​វាស់កម្ពស់ទឹកមានដូចជា៖១.ទំនប់ទី ៥ រយ:កម្ពស់ធៀប​នីវ៉ូទឹកសមុទ្រ ៥៣ ,៣០ម៉ែត្រ (ត្រូវនឹង​កម្ពស់ទឹកជាក់ស្តែង ១០,៣០ម៉ែត្រដែលកម្ពស់ទឹកប្រុងប្រយ័ត្ន១១,០០ ម៉ែត្រ ) ,២.ទំនប់ទី៣រយ:កម្ពស់ធៀបនីវ៉ូទឹកសមុទ្រ ៣៨,៧០​ម៉ែត្រ (ត្រូវនឹងកម្ពស់ទឹកជាក់ស្តែង ១៩,៧០ម៉ែត្រ ដែលកម្ពស់ទឹកប្រុង​ប្រយ័ត្ន ២១,០០ ម៉ែត្រ ) ៣.ស្ថានីយវាស់​កម្ពស់ទឹកវាលវែង កម្ពស់ទឹក 

មាន ១,២៥ម៉ែត្រ (កម្ពស់ប្រុងប្រយត្ន័ ៩,០០ ម៉ែត្រ), ៤.ស្ថានីយ៍​វាស់កម្ពស់ទឹក បាក់ត្រកួន កម្ពស់ទឹកមាន ១,៩៨ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន៦,០០ ម៉ែត្រ),៥. ស្ថានីយ វាស់កម្ពស់ទឹក ក្បាលហុង កម្ពស់ទឹកមាន ៥,៥៧ម៉ែត្រ (កម្ពស់ប្រុងប្រយត្ន័ ៥,០០ ម៉ែត្រ ) និង៦.ស្ថានីយវាស់កម្ពស់ទឹក ចារឹក កម្ពស់ទឹកមាន ៦,៣៥ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៦,០០ ម៉ែត្រ ) ៕



 

 

Previous Post Next Post