ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣៥នាក់ ដែលភាគច្រើនជាជនជាតិចិន ក្រោយកើតមានករណីប្រើអាវុធអនាធិបតេយ្យ នៅតំបន់ម្ដុំផ្សារព្រីន បណ្តោយឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១១ កញ្ញា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកតាមទូរសព្ទ នៅព្រឹកថ្ងៃទី១២ កញ្ញា ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លី និងវែង ប្រមាណ ១០ដើម ពីក្រុមជនសង្ស័យ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តសាកសួរ និងប្រមូលភស្តុតាងពីជនសង្ស័យទាំង ៣៥នាក់ ដើម្បីរៀបចំសំណុំរឿង និងដាក់ចាត់វិធានការតាមច្បាប់។
ស្នងការខេត្តបានបន្ថែមថា ការស្រាវជ្រាវដំបូងបង្ហាញថា ជម្លោះប្រដាប់អាវុធនេះ អាចនាំមកពីបញ្ហាដែលពាក់ព័ន្ធនឹងជំនួញមិនត្រូវគ្នា។ ទោះជាយ៉ាងណា ជនសង្ស័យភាគច្រើនហាក់បីដូចជាមិនចង់ផ្តល់ព័ត៌មានពេញលេញ ដូច្នេះមូលហេតុពិតប្រាកដនៅតែត្រូវការការស្រាវជ្រាវបន្ថែម៕





