រាជធានីភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់ឬមេមីន ) បានសរសេរលើហ្វេសប៊ុកលោកថា ថា អ្នកណាគាំទ្រខ្មាំងសត្រូវដែលឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ បំផ្លិចបំផ្លាញផ្ទះសំបែង ភូមិករប្រជាជន សម្លាប់វរកងទ័ព ប្រជាជន និងកម្ទេចប្រាសាទខ្មែរយើង បុគ្គលនោះ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯងហើយ។
លោក ហេង រតនា បានសរសេរដូច្នេះថា វង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯង!!
ពួកឈ្លានពានបានទម្លាក់គ្រាប់បែក និងបាញ់កម្ទេចប្រាសាទព្រះវិហារដូនតាខ្មែរដែលជាមរតកដ៍មហាសាលនិងជាបេតិកភណ្ឌពិភពលោក។
ក្នុងស្មារតីប្រយុទ្ធការពារ កូនខ្មែរគ្រប់រូបមិនថា ស្ថិតក្នុងនិន្នាការនយោបាយណានិងអង្គការចាត់តាំងណាទេ ត្រូវតែមានកាតព្វកិច្ចដាច់ខាតចូលរួមការពារបូរណភាពទឹកដីជាពិសេសប្រាសាទព្រះវិហារដ៏កំសត់របស់យេីង ដូចនេះអ្នកណាគាំទ្រខ្មាំងសត្រូវដែលឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ បំផ្លិចបំផ្លាញផ្ទះសំបែង ភូមិករប្រជាជន សម្លាប់វរកងទ័ព/ប្រជាជន និងកម្ទេចប្រាសាទខ្មែរយេីង បុគ្គលនោះ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯងហេីយ៕





