ខេត្តកំពង់ធំ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំង ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាឱ្យកងកម្លាំងទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង សហការជាមួយកងកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រព្រំប្រទល់រវាងស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង។
ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ កងកម្លាំងចម្រុះបានកាប់បំផ្លាញ និងរុះរើឧបករណ៍នេសាទខុសច្បាប់ចោលនៅនឹងកន្លែង រួមមាន៖
របាំងស្បៃមុង៖ ចំនួន ២៤របាំង (ប្រវែងជាង ១២០០ម៉ែត្រ)
ឡុកស្បៃមុង៖ ចំនួន ៣៤គ្រឿង
លូ ឬលបស្បៃមុង៖ ចំនួន ៤៥មាត់
របាំងសាច់អួន (លើសប្រវែងកំណត់)៖ រុះរើចំនួន ៣របាំង (ប្រវែងជាង ៦៥ល្វែងស្មើរ៦៥០ម៉ែត្រ)
ឡុកសាច់អួន៖ ចំនួន ៦គ្រឿង
លូ ឬលបសាច់អួន៖ ចំនួន ១២មាត់
បង្គោលឈើ៖ ចំនួន ៩៨០ដើម ព្រមទាំងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត
សង្គ្រោះផលនេសាទ៖ បានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ប្រមាណ ៤០គីឡូក្រាម។
ទន្ទឹមនឹងសកម្មភាពបង្ក្រាបនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលច្បាប់បានហាមឃាត់ ដើម្បីទុកឱកាសឱ្យផលត្រីកើនឡើងវិញ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីការពារធនធានមច្ឆជាតិសម្រាប់កូនចៅជំនាន់ក្រោយ និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕







