ខេត្តកំពង់ធំ ៖ ក្រុមជនល្មើសបំផ្លាញធនធានធម្មជាតិដែលតែងតែឆក់ឱកាសលួចកាប់ និងដឹកជញ្ជូនឈើប្រណិតខុសច្បាប់យ៉ាងអនាធិបតេយ្យ បានលួចកាប់និងដឹកឈើប្រណិតកាត់តំបន់ព្រៃ តែត្រូវបានបែកការណ៍និងត្រូវកម្លាំងសឹករងកំពង់ធំបើកប្រតិបត្តិការបង្ក្រាបបន្ទាន់ បណ្តាលឲ្យក្រុមបំផ្លាញព្រៃឈើទាំងនោះភ័យស្លន់ស្លោ កាប់ទម្លាក់ឈើចោលពីលើគោយន្តរួចបើកគេចខ្លួនបាត់ស្រមោល។ហេតុការណ៍បង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ បន្ទាប់ពីកម្លាំងល្បាត និងភ្នាក់ងារផ្តល់ព័ត៌មានសម្ងាត់បានរាយការណ៍ជាបន្ទាន់ថា មានក្រុមជនល្មើសមួយក្រុមបានប្រើប្រាស់គោយន្តកន្ត្រៃចំនួន ៤ ទៅ ៥ គ្រឿង លួចដឹកជញ្ជូនឈើមូលប្រភេទឈើប្រណិតយ៉ាងសកម្ម នៅចំណុចតំបន់ច្រកព្រះអាទិត្យ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីយកទៅធ្វើអាជីវកម្មខុសច្បាប់។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានបញ្ជាឲ្យកងកម្លាំងផ្នែកសឹករងសណ្តាន់ ចុះអន្តរាគមន៍ស្ទាក់ និងបង្ក្រាបជាបន្ទាន់។ ទោះជាយ៉ាងណា នៅមុនពេលកម្លាំងសមត្ថកិច្ចទៅដល់គោលដៅ ក្រុមជនល្មើសបានដឹងខ្លួនមុន ហើយបានប្រញាប់ប្រញាល់កាប់ទម្លាក់ឈើប្រណិតចំនួន ៣៤ កំណាត់ ចោលនៅនឹងកន្លែង រួចបើកគោយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយប្រតិបត្តិការត្រួតពិនិត្យ និងប្រមូលវត្ថុតាង លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំកងកម្លាំងប្រគល់ឈើប្រណិតទាំង ៣៤ កំណាត់នោះ ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើទំរីង ស្រុកសណ្ដាន់ ដើម្បីចាត់ការ និងរក្សាទុកតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សំណូមពរយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ត្រូវតែបើកការស្រាវជ្រាវវែកមុខសញ្ញា តាមប្រមាញ់ក្រុមជនល្មើសខុសច្បាប់ទាំងនោះមកផ្តន្ទាទោសឲ្យខាងតែបាន ដោយគ្មានការលើកលែង ឬយោគយល់ឡើយ។ លោកបានគូសបញ្ជាក់ថា តាមប្រភពព័ត៌មានសម្ងាត់ ក្រុមចោរព្រៃអនាធិបតេយ្យទាំងនេះ តែងតែឆក់ឱកាសលួចកាប់ និងដឹកជញ្ជូនឈើប្រណិតជាបន្តបន្ទាប់នាពេលកន្លងមក ហើយនៅតែបន្តសកម្មភាពបំផ្លាញទ្រព្យសម្បត្តិជាតិឥតញញើតដៃរហូតមកទល់បច្ចុប្បន្ន ដូច្នេះត្រូវតែយកច្បាប់មកអនុវត្តឲ្យបានធ្ងន់ធ្ងរ៕




