ខេត្តកំពង់ធំ ៖ មន្ត្រីរដ្ឋបាលជលផល សហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំ និងស្រុកស្ទោង បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតាមចំណុចមួយចំនួន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយសម្រេចបានចំនួន ៣ករណី ព្រមទាំងរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការទី១៖ ដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដោយមានការចូលរួមពីមន្ត្រីជំនាញ មន្ត្រីជាប់កិច្ចសន្យា និងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង បានចុះត្រួតពិនិត្យនៅចំណុចមាត់ព្រែកតាអ៊ួសទាល់ និងអាស៊ឹម ឃុំពាមបាង ស្រុកស្ទោង។ ជាលទ្ធផល បង្ក្រាបបានចំនួន ២ករណី ដោយរុះរើ និងបំផ្លាញចោល ៖ របាំងសាច់ស្បៃមុង ៧របាំង (ប្រវែង ២៥០ម៉ែត្រ), ឡុក ៧គ្រឿង, លូ ៧មាត់, បង្គោល ១០០ដើម និងបានរំដោះត្រីប្រមាណ ៥គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ។ករណីទី២ ៖ របាំងសាច់អួនក្រឡាញឹក ២របាំង (ប្រវែង ២០០ម៉ែត្រ), លូ/លប ៩មាត់, ឡុក ៦គ្រឿង, បង្គោល ១២០ដើម និងបានរំដោះត្រីប្រមាណ ២០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។
ប្រតិបត្តិការទី២៖ ដឹកនាំដោយលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ព្រមទាំងមន្ត្រីកិច្ចសន្យា សហគមន៍នេសាទស្ពានគ្រង និងកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ក្រោមការដឹកនាំផ្ទាល់ពីលោក យ៉ុម ហឿន អភិបាលរងស្រុកស្ទោង បានចុះបង្ក្រាបនៅចំណុចចាក់ថ្លុក ឃុំចំណារក្រោម។ ជាលទ្ធផល បង្ក្រាបបាន ១ករណី រួមមាន៖របាំងស្បៃមុង ៣របាំង (ប្រវែង ២១០ម៉ែត្រ), ឡុក ៣គ្រឿង, លូ ៣មាត់, បង្គោល ៧៥ដើម និងបានរំដោះត្រីប្រមាណ ១០គីឡូក្រាម ចូលបឹងធម្មជាតិវិញ។
ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងការពារធនធានជលផល និងថែរក្សាប្រព័ន្ធអេកូឡូស៊ីធម្មជាតិឱ្យមាននិរន្តរភាព៕




