ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយរថយន្តដឹកស្រាបៀរមួយគ្រឿង បានរេចង្កូតធ្លាក់ពីទ្រូងផ្លូវ និងបុកឃឿនបែងចែកទិសចរាចរណ៍យ៉ាងដំណំ បណ្ដាលឱ្យខូចខាតរថយន្ត និងកំពប់ស្រាបៀរហូររាយប៉ាយពេញផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខវត្តត្រពាំងអំពិល ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ហួសតំបន់ផ្ទះស័ក្តិសិទ្ធិ ឬផ្ទះខ្មោចបន្តិច)។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬអ្នកដំណើរផ្សេងទៀតឡើយ។ ប៉ុន្តែឧបទ្ទវហេតុនេះ បានបង្កការខូចខាតដល់តួខ្លួនរថយន្តយ៉ាងដំណំ ព្រមទាំងធ្វើឱ្យកេសស្រាបៀរ និងកំប៉ុងស្រាបៀរធ្លាក់រាយប៉ាយហៀរពេញទ្រូងផ្លូវជាតិលេខ៥ និងបានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់អ្នកដំណើរឆ្លងកាត់ទីនោះផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញចរាចរណ៍ បានចុះមកអន្តរាគមន៍សម្រួលចរាចរណ៍ និងដោះស្រាយសម្រួលកកស្ទះ ដើម្បីធានាដល់សុវត្ថិភាព និងលំហូរចរាចរណ៍ជូនប្រជាពលរដ្ឋឡើងវិញ៕




