អន្តរជាតិ ៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះPupផាប់ដ៏ល្បីមួយកន្លែងក្នុងទីក្រុងបាងកក ដោយបានសម្លាប់មនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ មនុស្សយ៉ាងហោចណាស់ ២៧ នាក់ស្លាប់នៅក្នុងអគ្គីភ័យដែលបានឆាបឆេះបាររាត្រីមួយកន្លែងក្នុងទីក្រុងបាងកក។ ក្រុមពន្លត់អគ្គីភ័យ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ នៅម៉ោង ១២ អធ្រាត្រ ថ្ងៃចន្ទ ដោយមនុស្សជាច្រើនសម្រុករត់ចេញពីខាងក្នុងបារនោះ។
វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពីអណ្តាតភ្លើងដ៏សាហាវកំពុងឆេះចេញពីបារ ខណៈមនុស្សជាច្រើនប្រញាប់ប្រញាល់រត់ចេញ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងកើតហេតុដែលអគ្គិភ័យបានឆាបឆេះនៅម៉ោង ១១៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ដែរថា មនុស្ស២៧នាក់បានស្លាប់ និងជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ដោយផ្អែកលើការរៀបរាប់ពីអ្នកនៅរស់រានមានជីវិត លោកបានបន្ថែមថា ផាប់ខាងលើដែលមានទីតាំងសិ្ថតក្នុងសួននៃខ័ណ្ឌChatuchak នៃទីក្រុងបាងកក មានពោរពេញដោយផ្សែងយ៉ាងលឿនរហ័ស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ ដោយបង្ខំមនុស្សម្នានាំគ្នាសម្រុករត់ចេញតាមផ្លូវក្រោយនៅក្បែរបន្ទប់ទឹក។
ប៉ុន្តែមិនមានច្រកចេញសម្រាប់រត់គេចខ្លួនពេលមានអគ្គិភ័យនោះទេ។ ទោះជាយ៉ាងណា អណ្តាតភ្លើង ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ ប្រើពេលប្រហែលកន្លះម៉ោង ដើម្បីរលត់។
ចំណែកមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យខាងលើកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស៕







