ខេត្តបន្ទាយមានជ័យ ៖ សម្រាប់ខេត្តបន្ទាយមានជ័យ ប្រតិបត្តិការក្តៅគគុក ដូចភ្លៀងរលឹម គ្រប់ទ្រង់ទ្រាយ ច្រើនមធ្យោបាយបន្តបន្ទាប់តាំងពីខែមេសា ឧសភា មិថុនាកន្លងមក ត្រូវបានកងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការនឹងសមត្ថកិច្ចគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានការសម្របសម្រួលដោយអយ្យការអមសាលាដំបូង បានធ្វើឡើងនៅក្រុងប៉ោយប៉ែត ស្រុមម៉ាឡៃនិងស្រុកអូរជ្រៅ។
កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន៥ទីតាំង ស្ថិតក្នុងក្រុងសិរីសោភ័ណ ដែលជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍សរុប២០៧នាក់។
សមាសភាពដឹកនាំប្រតិបត្តិការ៖
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាច្រើនរូប។
លទ្ធផលនៃការចុះបង្ក្រាបតាមទីតាំងនីមួយៗ៖
សមត្ថកិច្ចបានចុះឆែកឆេរ និងបិទទីតាំងចំនួន ៥កន្លែង៖
១.ផ្ទះរបស់ចុងភៅសៀង ហៃ ភូមិចកសង្កាត់ព្រះពន្លាឃាត់ខ្លួនជនបរទេសបាន១៣០នាក់។
២. នៅបុរីចិនខ្មៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ឃាត់ខ្លួនជនបរទេសបាន២៩នាក់។ ផ្ទះ២ល្វែងនេះ ជាកម្មសិទ្ធិរបស់លោកសៀង ហៃ និងភរិយាដែរ ។
៣. នៅអគារភោជនីយដ្ឋាន-ហាងស៊ុបស្មងគោសៀង ហៃ ភូមិកំពង់ភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយឃាត់ខ្លួនជនបរទេសបាន២០នាក់។
៤. អគារនៅបរិវេណខារ៉ាអូខេហ្គោលថោនភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា កម្លាំងសមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធ និងស្រាវជ្រាវ។ មិនមានឃាត់ជនបរទេសទេ ។
និង៥. អគារជាប់មាត់ស្ទឹងសិរីសោភ័ណ ភូមិ៣ សង្កាត់ព្រះពន្លា)៖ កម្លាំងសមត្ថកិច្ចកំពុងបន្តឡោមព័ទ្ធ និងអនុវត្តនីតិវិធី។មិនមានឃាត់ជនបរទេសទេ ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបាននឹងបន្តនិតិវិធី ទីតាំងផ្សេងទៀតក្នុងក្រុងសិរីសោភ័ណ ដែលជាប្រជុំជនខេត្តនិងនៅស្រុកដទែទៀត នៅពេលដែលការសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បានរាលដាលចូល។
បន្ថែមលើនោះ ក៏មានសង្ស័យលើករណីការប្រព្រឹត្តចល័តតាមរថយន្តនិងមធ្យោបាលផ្សេងទៀតផងដែរ ។
ប្រជាពលរដ្ឋ មហាជន នៅថ្ងៃទី៤ ខែកក្កដា នេះថា បន្តចូលរួមសហការនិងឃ្លាំមើលជាមួយអាជ្ញាធរមានសមត្ថកិច្ច បន្តបោសសម្អាតរាល់បទល្មើសឆបោកតាមអនឡាញឱ្យអស់ពីមូលដ្ឋានដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសលើកកម្ពស់កិត្តិយសរបស់ប្រទេសជាតិ ៕




