ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់រវាងរថយន្តនិងរថភ្លើងបានកើតឡើងនៅល្ងាចថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៦ នៅចំណុចក្បាលស្ពានទឹកថ្លា ភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ៖ រថយន្តម៉ាហីយិនដាយកូរ៉េខ្លប់ពាក់ស្លាក់លេខភ្នំពេញ2CC-1552បានបើកបរតាមផ្លូវលំឆ្លងផ្លូវដែកបម្រុងឆ្លងមកផ្លូវជាតិលេខ៥ ក៏ត្រូវបានរថភ្លើងដែលបើកបរទិសដៅពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណបានបុកចំផ្នែកទ្រុងក្រោយបណ្តាលធ្លាក់ផ្លូវខាងលិច។
ក្នុងនោះ ម្នាក់ក្នុងចំណោម៣នាក់ ដែលជាអ្នកជិះលើទ្រុងក្រោយបានធ្លាក់បែកក្បាលរបួសធ្ងន់ធ្ងរ។ ក្រុមសង្គ្រោះបានដឹកជនរងគ្រោះទៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ រួចបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។
ចំណែករថយន្តត្រូវនាំទៅរក្សាទុកនៅនគរបាលជំនាញ ។ ហើយករណីគ្រោះថ្នាក់រវាងរថភ្លើងនិងមធ្យោបាយនានាលើផ្លូវដែក តាមច្បាប់និងគោលការណ៍បច្ចេកទេស ភាគីខាងរថភ្លើងមិនចេញសំណងឬចំណាយឡើយ ឬមានតែទាមទារពីភាគីម្ខាងទៀតថែមទៀត។
នោះមកពីរថភ្លើងរត់លើផ្លូវដែក មិនអាចបញ្ចៀសពីឧបសគ្គលើផ្លូវរបស់ខ្លួនបានឡើយ ៕



