ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមសមត្ថកិច្ចចម្រុះ ដោយមានការចូលរួមពីក្រុមការងារទី៤ ទទួលខុសត្រូវខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ទោ ផាន សុភ័ក្រ ជំនួយការនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន ៦ កន្លែង។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជារនិងដឹកនាំផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តំណាងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ទីតាំងដែលក្រុមការងារចុះត្រួតពិនិត្យ រួមមាន៖
– ទីតាំងទី១ (ម្ចាស់ ទុយ កុសល) ផ្ទះជួល កម្ពស់២ជាន់ ជាបន្ទប់ស្នាក់នៅ មានជនបរទេសស្នាក់នៅចំនួន៤៥នាក់ស្រី៩នាក់ ២សញ្ជាតិ ឥណ្ឌូនេស៊ី៤៤នាក់ស្រី៨នាក់ និងហ្វីលីពីន១នាក់ស្រី ពុំមានសម្ភារសង្ស័យ អប់រំធ្វើកិច្ចសន្យា។
– ទីតាំងទី២ ផ្ទះ២ល្វែង កម្ពស់៣ជាន់ ១៥បន្ទប់ រកឃើញជនជាតិម៉ាឡេស៊ីចំនួន១នាក់ប្រុស និងជនជាតិខ្មែរចំនួន២៦នាក់ស្រី១៨នាក់ រកឃើញមានសម្ភារៈ សង្ស័យមួយចំនួនដូចជា កុំព្យូទ័រAll-in-oneចំនួន៣០ និងLaptopចំនួន១ (ដកហូតរក្សាទុកនៅស្នងការ) តាមការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា
ពិនិត្យឃើញថា ជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងរូបភាព អូសទាញអោយសមាជិកចុច like share ដើម្បីបានរង្វាន់ ទិសដៅប្រទេសតួកគី។ បញ្ជូនជនជាតិម៉ាឡេស៊ី១នាក់ប្រុស និងខ្មែរ២៦នាក់ស្រី១៨នាក់ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី។ បន្ដស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
– ទីតាំងទី៣ អគារជួលកម្ពស់៤ជាន់ ២២បន្ទប់ រកឃើញជនបរទេសចំនួន៧១នាក់ ស្រី១១ ក្នុងនោះ ឥណ្ឌូនេស៊ី៦៨នាក់ ស្រី៩ និងហ្វីលីពីន៣នាក់ស្រី២ ពុំមានសម្ភារ:សង្ស័យ។ កម្លាំងជំនាញអន្ដោប្រវេសន៍បានត្រួតពិនិត្យឃើញថាជនបរទេស មានប៉ាស្ព័រប៉ុន្ដែហួសសុពលភាពទិដ្ឋាការ បានណែនាំឱ្យបន្ដទិដ្ឋាការ និងឱ្យចាកចេញពីទីតាំងដោយខ្លួនឯង និងស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីផាកពិន័យ។ បញ្ជូនជនជាតិឥណ្ឌូនេស៊ី១នាក់ប្រុស ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។
– ទីតាំងទី៤ (ម្ចាស់ ប៊ួយ ម៉េង)អគារកម្ពស់៤ជាន់ ៤៤បន្ទប់ ពុំមានជនបរទេស មានជនជាតិខ្មែរស្នាក់នៅប្រមូលផ្ដុំចំនួន២៧នាក់ ស្រី១៨នាក់ ពុំមានសម្ភារ:សង្ស័យ បាននាំខ្លួនជនជាតិខ្មែរ១នាក់ស្រី ទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ពាក់ព័ន្ធករណីជនជាតិខ្មែររស់នៅប្រមូលផ្ដុំ។
– ទីតាងទី៥ ទីតាំងផ្ទះ១ល្វែង កម្ពស់៣ជាន់ ១៥បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត យោងតាមបណ្ដឹងដែលប៉ុស្ដិ៍នគរបាលរដ្ឋាបាល សង្កាត់ប៉ោយប៉ែតទទួលបាន ពាក់ព័ន្ធករណីប្រើអំពើហិង្សា នៅចំណុចទីតាំងខាងលើ ក្រុមការងារបានចុះដល់ទីតាំងត្រួតពិនិត្យ រកឃើញជនជាតិថៃចំនួន១២នាក់ស្រី២នាក់ និងរកឃើញសម្ភារ:សង្ស័យមួយចំនួនដូចជាកុំព្យូទ័រAll-in-oneចំនួន៣៩គ្រឿង និងទូរសព្ទចំនួន២៦គ្រឿង។ ចំណាត់ការ បញ្ជូនជនជាតិថៃ ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី និងដកហូតវត្ថុតាងយកទៅរក្សាទុកនៅស្នងការខេត្ត បិទទីតាំងជាបណ្ដោះអាសន្ន ។
– ទីតាំងទី៦ នៅចំណុចមុខ ណៃ.ខេ.អិន.ដ៏ពិសិដ្ឋ ភូមិគីឡូលេខបួន សង្កាត់ផ្សារកណ្ដល ក្រុងប៉ោយប៉ែត យោងតាមការចុះល្បាតរបស់ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ឃើញរថយន្ដគួរអោយសង្ស័យមួយគ្រឿងម៉ាកALPHARD ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2CI-9612 នៅចំណុចមុខ ណៃ.ខេ.អិន.ដ៏ពិសិដ្ឋ ក្រុមការងារបានចុះត្រួតពិនិត្យ រកឃើញសម្ភារ:សង្ស័យមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជនជាតិចិន៦នាក់ស្រី២នាក់ កំពុងធ្វើសកម្មភាពជាក់ស្ដែងនៅក្នុងរថយន្ដ។
ឃាត់ខ្លួនជនជាតិចិន និងដកហូតរថយន្ដ បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី៕









