សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះថា «អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពានឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។
សាររបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខឹលខូចនិងឈ្មួញទុច្ចរិត ទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។
ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ (ពេលណាព្រំដែនគោករវាងកម្ពុជា.ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺ ទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។
ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាស ពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា.ថៃនៅដំណើការជាធម្មតា។
ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោក ហើយទំនិញចូលបាននោះឡើយ និងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះ ហេតុអ្វីមានលើទីផ្សាកម្ពុជា។
ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។
អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសាម៉ីខ្លួនទាំងជាតិសាសន៍៕

