ខេត្តបន្ទាមានជ័យ ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ១១នាក់ ព្រមទាំងដកហូតវត្ថុតាង និងឧបករណ៍កែច្នៃជាច្រើន។
ប្រតិបត្តិការបំបែកសម្បុកគ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្របតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។
កាលប្បវត្តិនៃកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប ៖
ដំណាក់កាលទី១ (ថ្ងៃទី២៨ ឧសភា): ផ្អែកតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ កម្លាំងជំនាញបានចុះឆែកឆេរផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់ ព្រមទាំងរកឃើញគ្រឿងញៀន និងឧបករណ៍ផលិត វេចខ្ចប់មួយចំនួនធំ។
ដំណាក់កាលទី២ (យប់ថ្ងៃដដែល): កម្លាំងសមត្ថកិច្ចបានបន្តពង្រីកការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់បន្ថែមទៀត ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ ក្រោយការធ្វើតេស្តទឹកនោម រកសារធាតុញៀន បង្ហាញថា ជនសង្ស័យចំនួន ៧នាក់ មានលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) និងម្នាក់មានលទ្ធផលអវិជ្ជមាន។
ដំណាក់កាលទី៣ (ថ្ងៃទី២៩ ឧសភា): វេលាម៉ោង ១៣:៣០នាទី ថ្ងៃត្រង់ សមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតឃាត់ខ្លួនបក្ខពួករបស់មេខ្លោងបានចំនួន ៣នាក់បន្ថែមទៀត ក្នុងនោះមានស្ត្រីជនជាតិថៃម្នាក់។ ក្រោយការធ្វើតេស្ត ពួកគេទាំង ៣នាក់ សុទ្ធតែមានលទ្ធផលវិជ្ជមានសារធាតុញៀន។
វត្ថុតាងដែលដកហូតបានរួមមាន៖
គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា និងម្សៅម៉ត់ពណ៌ស
ថ្នាំគ្រាប់ញៀនប្រភេទពណ៌ក្រហម (WY)
សម្បកថង់សម្រាប់វេចខ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង
ឧបករណ៍សម្រាប់ផលិត កែច្នៃ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ
អាវុធ (កាំភ្លើងកែច្នៃ) ចំនួន ១ដើម និងមួករបាំងមុខចំនួន ៤
បច្ចុប្បន្ន ជនសង្ស័យជាជនបរទេសទាំង ១១នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕





