បន្ទាប់ពី «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦បានប្រកាសកាលពីថ្ងៃទី២៨ ខែឧសភាភ្លាម គេឃើញចលនាគាំទ្រយុទ្ធនាការបានកើតឡើងស្របគ្នានេះដែរ ដូចជាប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល, ក្រសួងព័ត៌មាន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើមបាននាំយកថវិកាមកចូលរួមគាំទ្រយុទ្ធនាការនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ថវិកាបដិភាគ១០លានដុល្លារអាមេរិកជាប្រចាំរៀងរាល់ឆ្នាំ ចំណែកកាកបាទក្រហមកម្ពុជាបានសម្រេចបរិច្ចាគថវិកា១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ហើយជាបន្តបន្ទាប់គេឃើញសប្បុរសជនមកពីវិស័យឯកជនចំនួន ៩ បានយកថវិកាមកចូលរួមបរិច្ចាគ ដោយឡែកក្រុមហ៊ុន ជីប ម៉ុង ប្រកាសបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារ ខណៈឧកញ៉ា គិត ស៊ូឡា កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាសបរិច្ចាគថវិកា ៤៥០, ៥៥៥ ដុល្លារ ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។
យោងតាមមូលនីធិគន្ធបុប្ផាកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំ២០២៥កុមារក្រីក្រដែលមកពីគ្រប់រាជធានីខេត្តទូទាំងប្រទេស ចំនួនជាង ១លាន៧សែននាក់បានស្វែងរកសេវាសុខាភិបាលប្រកបដោយគុណភាពនិងដោយឥតគិតប្រាក់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា មានប្រសាសន៍ថា ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅខេត្តសៀមរាប ត្រូវការចំណាយថវិកាយ៉ាងតិចចំនួន ១២ម៉ឺនដុល្លារ ឬប្រមាណ៤៣លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ សម្រាប់ផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ រួមទាំងសេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ។
សូមបញ្ជាក់ថាសប្បុរសជនមកពីគ្រប់ទិសទីអាចចូលរួមយុទ្ធនាការនេះ រហូតដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០២៦ដោយបរិច្ចាគតាមរយៈលេខគណនី របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬធ្វើការទំនាក់ទំនង តាមរយៈលេខទូរសព្ទ ៖ ០១២ ២៣៥ ៥៨២, ០៩៩ ៣៣៣ ១៣៣, ០១២ ៩២៩ ៧២៧, ០១៦ ៨០៨ ៩០៥, ឬ ០៧០ ២០៦ ៧៤៦ ៕ប្រភពព័ត៌មានAKP

