តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានស្ដីពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ 2026 បានបញ្ជាក់ថា 80.8% ក្នុងចំណោមអ្នកស្ទង់មតិចំនួន 570 នាក់ដែលតំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលត្រូវបានសម្ភាសន៍និយាយថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។
នៅរសៀលថ្ងៃទី29 ខែមេសា ឆ្នាំ2026 នៅទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋ មន្ត្រីក្រសួងព័ត៌មាននិងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិនិងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាជាច្រើនអង្គភាព ក្រសួងព័ត៌មានបានផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិលើកទី3 ក្នុងក្របខណ្ឌនៃការសិក្សាស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងជាពិសេសនៅក្នុងរយៈពេល 15 ឆ្នាំចុងក្រោយនេះ ជាមួយភាពចម្រុះទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងប្រព័ន្ធផ្សព្វផ្សាយបែបទំនើបដែលអាចផ្ដល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋបានគ្រប់ច្រកល្ហកនិងគ្រប់ពេលវេលាទាំងអស់។ប៉ុន្តែអ្វីជាការកត់សម្គាល់គឺប្រព័ន្ធផ្សព្វផ្សាយបែបទំនើបមានការរីកចម្រើនខ្លាំង។ក្នុងបរិបទនេះព័ត៌មានលឿនមិនទាន់គ្រប់គ្រាន់ទេ។ការផ្សាយនោះត្រូវផ្ដល់ព័ត៌មានត្រឹមត្រូវទុកចិត្តបាននិងមានទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវ: នេះជាទិសដៅដ៏សំខាន់ដែលក្រសួងព័ត៌មានបាននិងកំពុងប្រកាន់ខ្ជាប់ក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៏នៅកម្ពុជា។
ក្នុងសៀវភៅរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា លោក ខាំពូ កែវមុណី នាយកប្រតិបត្តិវិទ្យុLove fm 975 បានកត់សម្គាល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះអ្នកសារព័ត៌មានមានសិទ្ធិពេញលេញក្នុងការដើរតួនាទីជាអ្នកនាំពាក្យពីថ្នាក់លើមកថ្នាក់ក្រោមនិងពីថ្នាក់ក្រោមទៅថ្នាក់លើវិញ ទន្ទឹមនឹងសេរីភាពនេះក៏ត្រូវមានសណ្ដាប់ធ្នាប់ជាចាំបាច់ដើម្បីធានាថាការផ្សព្វផ្សាយព័ត៌មានមិនបង្ករភាពវឹកវរបំពុលសង្គមឬប៉ះពាល់ដល់សន្តិសុខជាតិ។សណ្ដាប់ធ្នាប់ជួយឲ្យសេរីភាពសារព័ត៌មានដើរលើផ្លូវមួយដែលផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនសាធារណៈជន។
សេចក្តីសន្និដ្ឋានជារួម លទ្ធផលនៃរបាយការណ៍ស្ទង់មតិឆ្នាំ202 នេះគឺជាសក្ខីភាពដែលមិនអាចប្រកែកបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនិងការវិវត្តជាវិជ្ជមានប្រកបដោយមោទនភាពនៃវិស័យសារព័ត៌មាននៅកម្ពុជា។ហើយថ្វីត្បិតតែក្នុងឆ្នាំកន្លងទៅ កម្ពុជាត្រូវរងការយាយីដោយវិបត្តិសង្គ្រាមឈ្លានពានពីប្រទេសជិតខាងដែលតម្រូវឲ្យមានការរៀបចំពង្រឹងវិធានសន្តិសុខព័ត៌មានម៉ត់ចត់ ប៉ុន្តែសន្ទស្សនៃសេរីភាពសារព័ត៌មាននៅតែមានភាពល្អប្រសើរផ្អែកលើការពិនិត្យឃើញនិងវាយតម្លៃដោយផ្ទាល់ពីអ្នកសារព័ត៌មាននិងអ្នកធ្វើការក្នុងវិស័យព័ត៌មានដែលជាតំណាងអ្នកសារព័ត៌មាននិងប្រតិបត្តិករក្នុងវិស័យព័ត៌មាននៅទូទាំងប្រទេសដែលបានចូលរួមក្នុងការស្ទង់មតិក្នុងឆ្នាំ2026។ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ពេលកន្លងទៅមានលក្ខណៈល្អប្រសើរ៕


