រាជធានីភ្ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវេទិកាសារព័ត៌មានមួយ ស្តីពីប្រធានបទ «ការខូចខាតប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក» ដោយមានកិច្ចសហការរៀបចំពីក្លិបអ្នកកាសែតកម្ពុជា ដែលមានការចូលរួមពីអ្នកសារព័ត៌មានចំនួន ៦១នាក់ មកពីស្ថាប័នសារព័ត៌មានចំនួន ៤៣អង្គភាព ដើម្បីស្តាប់បទបង្ហាញជុំវិញ បញ្ហាខូចខាតនៃប្រាសាទព្រះវិហារ និងផលប៉ះពាល់ពាក់ព័ន្ធ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងមតិស្វាគមន៍ ដោយបានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការពង្រឹងការយល់ដឹងអំពីបេតិកភណ្ឌជាតិ និង«ការខូចខាតប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក»។
យោងតាមរបាយការណ៍ ហេដ្ឋារចនាសម្ព័ន្ធនៃប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងបំផ្លាញពីសំណាក់យោធាថៃចំនួន២លើក ក្នុងអំឡុងឆ្នាំ២០២៥ គឺនៅចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ។
ជាមួយគ្នានេះ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញអំពីស្ថានភាពខូចខាតនៃប្រាសាទព្រះវិហារ និងផែនការជួយសង្គ្រោះក្នុងជំហានបឋម បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានការខូចខាតជាច្រើនកន្លែងលើប្រាសាទ និងតំបន់ជុំវិញ ។
លោក គឹម សំណាង ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍសហគមន៍ នៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហាញអំពីផលប៉ះពាល់នៃជម្លោះព្រំដែន ទៅលើជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងតំបន់ និងវិស័យទេសចរណ៍ ។
ទន្ទឹមនោះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានលើកឡើងអំពីហានិភ័យនៃសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសល់ក្រោយជម្លោះ និងអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ការងារដែលត្រូវធ្វើចំពោះមុខ មាន២ដំណាក់កាលសំខាន់ៗ គឺការស្ដារទប់ស្កាត់និងការជួសជុលពេញលេញ។ ការជួសជុលធ្វើអាចត្រូវការពេលពី ២០ ទៅ ៣០ ឆ្នាំ ដើម្បីអាចឱ្យប្រាសាទព្រះវិហារបានឈររឹងមាំឡើងវិញ ។ ចំពោះបញ្ហាថវិកាប៉ាន់ស្មានថា អាចនឹងត្រូវចំណាយរាប់សិបលានដុល្លារអាម៉េរិក។ សូមបញ្ជាក់ថា ៥៦២កន្លែងនៃប្រាសាទព្រះវិហារត្រុវបានខូចខាត និងទាមទារត្រូវជួសជុលជាបន្ទាន់។ សន្តិភាព គឺជាកត្តាចម្បងបំផុតសម្រាប់កិច្ចការងារនេះ។ ជំហានដំបូងដែលត្រូវធ្វើជាដាច់ខាត គឺការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងតំបន់ប្រាសាទ ដើម្បីធានាសុវត្ថិភាពដល់ក្រុមការងារជំនាញដែលត្រូវចុះទៅបំពេញភារកិច្ចជួសជុល ។ បច្ចុប្បន្ន កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការអន្តរជាតិ ICC ព្រះវិហារ ដើម្បីស្វែងរកការគាំទ្រ និងបច្ចេកទេសបន្ថែមក្នុងការអភិរក្ស និងលើកតម្លៃប្រាសាទភ្នំដ៏ស័ក្តិសិទ្ធិមួយនេះ ឱ្យជៀសផុតពីហានិភ័យនៃការដួលរលំបន្ថែមទៀត ។
វេទិកានេះក៏បានបើកឱកាសឱ្យអ្នកសារព័ត៌មានសួរសំណួរ និងពិភាក្សាជាមួយវាគ្មិន ដើម្បីបន្ថែមការយល់ដឹងលើប្រធានបទខាងលើ ៕












