អន្តរជាតិ ៖ ខណនេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិងកំពុងពង្រីកការវាយប្រហាររបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់។ ទន្ទឹមនោះ អ៊ីស្រាអែលបានអះអាងថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើមេដឹកនាំរបបនេះ ដោយវាយប្រហារទៅលើទីតាំងនានានៅក្នុងរដ្ឋធានីតេអេរ៉ង់។កងកម្លាំងការពារជាតិអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារការិយាល័យប្រធានាធិបតី ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ និងអគារប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា មកដល់ពេលនេះខ្លួនបានវាយប្រហារគោលដៅជាង ១៧០០ ក្នុងរយៈពេល ៧២ ម៉ោងដំបូងនៃការប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសនេះ បាននិយាយថា ទីតាំងមួយនៅក្នុងទីក្រុង Qom ភាគកណ្តាលក៏ត្រូវបានវាយប្រហារផងដែរ។
អឌ្ឍចន្ទក្រហមបានបញ្ជាក់ថា មនុស្ស ៧៨៧ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងបញ្ជាក់ថា អ្នកស្នងតំណែងភាគច្រើនដែលនឹងឡើងកាន់តំណែងជាមេដឹកនាំអ៊ីរ៉ង់ “បានស្លាប់”ជាបន្តបន្ទាប់។ លោកបានបន្ថែមថា ពួកគេមានមនុស្សដែល “មានចិត្តមិនធន់នោះទេ បើប្រៀបមេដឹកនាំមុនៗ។ លោកបន្តថា នៅនាទីដំបូងនៃការងាររបស់យើងគឺការបន្សាបការគំរាមកំហែងយោធារបស់អ៊ីរ៉ង់។
សូមជម្រាបថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ត្រូវបានវាយប្រហារផងដែរ។ រូបភាពផ្កាយរណបដែលបានចេញផ្សាយដោយក្រុមហ៊ុនអាមេរិក Vantor បង្ហាញពីការបំផ្លិចបំផ្លាញនៅឯរោងចក្រនុយក្លេអ៊ែរនៅ Natanz។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានបង្ហោះថា ខ្លួនបានបញ្ជាក់ពីការខូចខាតថ្មីៗនេះចំពោះអគារច្រកចូលនៃរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមក្រោមដីនៅ Natanz។ ភ្នាក់ងារនោះបានបន្ថែមថា ផលវិបាកវិទ្យុសកម្មមិនត្រូវបានរំពឹងទុកនោះទេ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារ “ទ្រង់ទ្រាយធំ” លើមូលដ្ឋានទ័ពអាកាសអាមេរិកនៅបារ៉ែន។ ស្ថានទូតអាមេរិកនៅអារ៉ាប៊ីសាអូឌីតបានបិទបេសកកម្មការទូតរបស់ខ្លួនបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ក្រសួងការបរទេសអាមេរិកបានណែនាំបុគ្គលិករដ្ឋាភិបាលដែលធ្វើការនៅក្នុងប្រទេសមជ្ឈិមបូព៌ាចំនួនប្រាំមួយ រួមទាំងកាតា និងហ្ស៊កដានី ឱ្យជម្លៀសចេញជាបន្ទាន់ផងដែរ៕



