ខេត្តបន្ទាយមានជ័យ ៖ ស្នងការរងម្នាក់ពីខេត្តបាត់ដំបងបានឡើងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯស្នងការចាស់ឡើងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម័ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការរងទទួលផែនភស្តុភារនិងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង. ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។
ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាសាលប្រជុំធំ សាលាខេត្ត ។
សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលេខ១៦៦អនក្រ/តត របស់រាជរដ្ឋាភិបាលស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។
ក្នុងអនុក្រឹត្យនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯស្នងការរងរាប់សិបរូបនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះនៅរក្សាតំណែងនិងមុខងារដដែល ។
សូមបញ្ជាក់ថា ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការចាស់បានថ្លែងការស្វាគមន៍និងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារនិងសមិទ្ធផលនានាក្នុងអំឡុងលោកកាន់តំណែងពីខែកញ្ញាឆ្នាំ២០២០ ដល់ដើមខែមីនាឆ្នាំ២០២៦ ។
ចំណែកលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងសុន្ទរកថាក្នុងនាមរដ្ឋបាលខេត្តក្នុងពិធីដ៏សំខាន់និងមហោឡារឹកនោះដែរ ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរនិងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដែលត្រូវផ្ទេរភារកិច្ចនិងមន្ត្រីនគរបាលក្រោមឱវាទដែលមានស្នាដៃលើការងារថែរក្សាការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណ: ជូនពលរដ្ឋនិងចូលរួមកិច្ចការពារជាតិ ។
លោកក៏បានណែនាំ ដាក់បញ្ជារនិងសង្ឃឹមថា ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការថ្មីនឹងចូលទៅដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យបានស្នាដៃ លទ្ធផលការងារបន្ថែមទៀត ៕


.jpg)




